(ភ្នំពេញ)៖ លោក ខាឡេត ឃីអារី អនុប្រធានអង្គការសហប្រជាជាតិទទួលបន្ទុក នាយកដ្ឋានកសាងសន្តិភាព និងកិច្ចការនយោបាយប្រចាំនៅតំបន់មជ្ឈិមបូព៌ា, អាស៊ី និងប៉ាស៊ីហ្វិក, លោក ខូឌី ហ្គ្រីហ្គើ មន្ត្រីផ្នែកនយោបាយ, និង លោកស្រី ផលលីន ថេមឺស៊ីស តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូកិត្តិយស បានពិភាក្សាអំពីសន្តិភាពសិទ្ធិមនុស្ស និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងនៅក្នុងប្រទេសដទៃទៀត ជាមួយនឹងលោក ឆាំង យុ នៅឯបណ្ណាល័យសម្តេចម៉ែ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិក នៃវិទ្យាស្ថានស្លឹករឹត បានទទួលស្វាគមន៍ ប្រតិភូកិត្តិយសយ៉ាងកក់ក្តៅ។

ភ្ញៀវកិត្តិយសបានចារចំណារអនុស្សាវរីយ៍ ដែលមានខ្លឹមសារដូចខាងក្រោម៖

«សូមអរគុណដែលថែរក្សាការចងចាំឲ្យនៅរស់រវើក»។ លោក ខាឡេត ឃីអារី អនុប្រធាន អង្គការសហប្រជាជាតិ ទទួល បន្ទុក នាយកដ្ឋានកសាងសន្តិភាព និងកិច្ចការនយោបាយប្រចាំនៅតំបន់មជ្ឈិមបូព៌ា, អាស៊ី និងប៉ាស៊ីហ្វិក។

«ការចងក្រងឯកសារ គឺជាសកម្មភាពនយោបាយ។... ខ្ញុំបានរៀនសូត្រអំពីចំណុចនេះ និងមេរៀនជាច្រើនទៀតពីដំណើរទស្សនកិច្ចខ្លីមួយក្នុងថ្ងៃនេះមកកាន់បណ្ណាល័យសម្តេចម៉ែ។ នេះពិតជាកិត្តិយស និងសេចក្តីសោមនស្សរីករាយជាពន្លឹក ដែលទទួលបាន ការយល់ដឹងអំពីសារសំខាន់ នៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានអភិរក្សក្នុងបណ្ណសារជាទម្រង់លាយលក្ខណ៍អក្សរ ការរៀបរាប់ដោយផ្ទាល់មាត់ និងរូបភាព និងព្រមទាំងត្រូវបានប្រមែប្រមូល ចងក្រងដោយស្វិតស្វាញ និងប្រសើរ។ យ៉ាងណាក្តីប្រវត្តិសាស្ត្រ មិនស្ថិតតែនៅក្នុង អតីតកាលនោះទេ។ ប្រវត្តិសាស្ត្រកំណត់នូវអនាគត។ ហើយពិតជាចាំបាច់ណាស់ដែលយើងត្រូវសិក្សាអំពីប្រវត្តិសាស្ត្រ ដើម្បីលូតលាស់ក្នុងបច្ចុប្បន្នកាល។ ដោយសេចក្តីដឹងគុណ»។ លោកស្រី ផលលីន ថេមឺស៊ីស តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតបណ្ណាល័យសម្តេចម៉ែឡើង ដោយមានការគាំទ្រពី ស្ថានទូតសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ក្នុងគោលបំណង ថ្វាយព្រះកិត្តិយសជូន សម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែល បានលះបង់ពេញមួយព្រះជីវិតរបស់ទ្រង់ចំពោះប្រទេសកម្ពុជា, ចំពោះសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ, និងចំពោះប្រជាជនកម្ពុជា៕