(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី បាននាំយកថវិការបស់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់មកឲ្យរដ្ឋបាលខណ្ឌដូនពេញចែកជូនដល់គ្រួសារសពដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន ២១នាក់ ដោយក្នុង០១គ្រួសារទទួលបានថវិកាចំនួន ២,០០០,០០០រៀល។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសុំនូវការយោគយល់ពីក្រុមគ្រួសារសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំពោះភាពយឺតយ៉ាវក្នុងការបើកប្រាក់ឧបត្ថម្ភ ដែលក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន២លានរៀល។
ពាក់ព័ន្ធការងារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាដើម្បីពន្លឿនការបើកសាច់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។ ប៉ុន្ដែសម្ដេចអះអាងថា ថវិកានេះផ្ដល់ជូនតែអ្នកស្លាប់ដោយសារកូវីដ១៩ ពិតប្រាកដនៅតាមមន្ទីរពេទ្យតែប៉ុណ្ណោះ។
ការបញ្ជាក់បែបនេះ សម្ដេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គម Facebook ដើម្បីឆ្លើយតបទៅនឹងអ្នកខំមិនម្នាក់ដែលងឿងឆ្ងល់ចំពោះការបើកប្រាក់ឧបត្ថម្ភ ដោយឪពុករបស់គាត់បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ហើយមកទល់ពេលនេះមិនទាន់បានទទួលប្រាក់ឧបត្ថម្ភនៅឡើយទេ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រួសារសព នឹងទទួលបាន២លានរៀល។ ថវិកាមិនបាត់បង់ទៅណាទេគ្រាន់តែកន្លែងខ្លះ បើកជូនបានលឿនកន្លែងខ្លះបើកយឹត។ សុំការយោគយល់ផង។ សូមបញ្ជាក់ថា ថវិកាផ្តល់ជូនតែអ្នកមរណភាពដោយកូវីដពិតប្រាកដនៅតាមមន្ទីរពេទ្យតែប៉ុណ្ណោះ។ សុំក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពន្លឿនការបើកផ្តល់សាច់ប្រាក់ដល់គ្រួសារសព»។
សូមជម្រាបថា សម្រាប់គ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺទទួលបាននូវប្រាក់ឧបត្ថម្ភចំនួន២លានរៀល ពីសម្ដេចតេជោ ហ៊ុន សែន។ ថវិកានោះត្រូវបើកផ្ដល់ជូនដោយសារអាជ្ញាធរមូលដ្ឋាន៕