(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត និងស.ស.យ.ក ស្រុកថ្មបាំង ចែកជូនពលរដ្ឋក្រីក្រចាស់ជរាទីទាល់ក្រចំនួន២១គ្រួសារ និងបានផ្តល់ផ្ទះ១ខ្នងជូនលោកយាយម្នាក់ដែលគ្មានទីពឹង ស្ថិតនៅភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
សកម្មភាពមនុស្សធម៌នេះធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាចែកជូនពលរដ្ឋចាស់ជរាទីទាល់ក្រីក្រទាំង២១គ្រួសារទទួលបាននោះមានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ជែលលាងដៃ១ដប និងម៉ាស់ ថវិកាចំនួន៨០,០០០រៀល។
លោកស្រី មិថុនា ភូថង បានឲ្យដឹងថា ដោយមើលឃើញប្រជាពលរដ្ឋជួបបញ្ហាកង្វះខាត សាខាកាកបាទក្រហមកម្ពុជាមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ។
លោកស្រីបានបន្ថែមថា អំណោយទាំងនេះ ដ្បិតតិចតួចមែនតែវាអាចជួយដោះស្រាយក្នុងជីវភាពគ្រួសាររបស់ពលរដ្ឋបានធូរស្រាលមួយកម្រិតផងដែល ហើយអំណោយទាំងអស់នេះសាខាកាកបាទក្រហមកម្ពុជាបានមកពីសប្បុរសធម៌របស់ពលរដ្ឋដែលគាត់បានចូលមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជា ហើយត្រូវបានសាខាកាកក្រហមកម្ពុជាយកមកផ្តល់ជូនពលរដ្ឋដែលជីវភាពខ្វះខាតចាស់ជរាងាយរងគ្រោះជាបន្តទៀត។
ដោយមើលឃើញនៅភាពលំបាករបស់លោកយាយម្នាក់ឈ្មោះ មាស អ៊ុន រស់នៅដោយគ្មានទីពឹងគ្មានកូនចៅហើយមានជំងឺរ៉ាំរ៉ៃប្រចាំកាយ សាខាកាកបាទក្រហមកម្ពុជា ស.ស.យ.ក ស្រុកថ្មបាំង និងសប្បុរសជនបានចូលរួមសាងសង់ផ្ទះ១ខ្នងជូនលោកយាយទំហំ ៤x៦ ម៉ែត្រប្រកស័ង្កសីជញ្ជាំងសងស័ង្កសីក្រាលឥដ្ឋការ៉ូ និងគ្រឿងឧបភោគបរិភោគជូនគាត់បន្ថែមផងដែរ៕