(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានប្រាប់ Fresh News នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ ជាបងប្អូនបង្កើតពាក់ព័ន្ធ នឹងការបាញ់សម្លាប់យុវជនម្នាក់ នៅកន្លែងបាញ់ត្រីប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់មិញ។
លោក ម៉ក់ ហុង បានបញ្ជាក់ថា «នៅវេលាម៉ោង១០៖៤៥នាទីថ្ងៃនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានប្រើប្រាស់កម្លាំងជំនាញបង្ក្រាបចំគោលដៅនៅមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសឃាដកម្ម កាលពីម៉ោង០១៖៤៥នាទីយប់មិញ នៅចំណុច ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ»។
បើតាមលោក ម៉ក់ ហុង ជនសង្ស័យទី១ឈ្មោះ គង់ កុសល អាយុ៣១ឆ្នាំ មុខរបរមិនប្រាកដ (បងប្រុស) និងទី២ឈ្មោះ គង់ ចាន់សុវណ្ណារ៉ាអាយុ២០ឆ្នាំ មុខរបរមិនប្រាកដ(ប្អូនប្រុស) ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យក៏សារភាពថា «ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពបាញ់សម្លាប់ ជនរងគ្រោះឈ្មោះ ឆាយ ចិន្តា ហៅ ឈីវ ភេទប្រុស អាយុ២៣ឆ្នាំ»។ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យជាបងប្រុសគឺជាមន្រ្តីយោធាក្រសួងការពារជាតិ។
លោក ម៉ក់ ហុង បានបញ្ជាក់ថា ក្រោយការចាប់ខ្លូនជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលមិនទាន់រកឃើញកាំភ្លើងដែលពួកគេ បានប្រើប្រាស់ដើម្បីបា ញ់ជនរងគ្រោះនោះទេ ដោយសារតែប្អូនស្រីម្នាក់របស់ជនសង្ស័យទាំង២នាក់ បានយកគេចខ្លួនបាត់យកដោយកាំភ្លើង ទៅជាមួយផងដែរ។
សម្រាប់មូលហេតុ ដែលនាំឲ្យមានការបាញ់ប្រហារយុវជនរងគ្រោះខាងលើនេះ ត្រូវបានលោក ម៉ក់ ហុង ប្រាប់ថា ផ្តើមចេញពីរឿងគំនុំ ដោយជនសង្ស័យជាបងខឹងនឹងជនរងគ្រោះ បានយកម៉ូតូរបស់ប្អូនគេទៅជិះយកទៅបាត់ តែយ៉ាងណានោះជនសង្ស័យនៅមិនទាន់បានឆ្លើយលំអិតនៅឡើយទេ។
លោក ម៉ក់ ហុង បានបញ្ជាក់ផងដែរ សម្រាប់ជនរងគ្រោះ និងជនសង្ស័យជាសមាសភាពមិនល្អ ដូច្នេះក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលជំនាញរបស់លោក នឹងធ្វើការស្រាវជ្រាវបន្តទៀតចំពោះប្រវត្តរបស់ពួកគេ។
សូមបញ្ជាក់ថា យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីមានបុរស២នាក់ បានប្រើកាំភ្លើងខ្លីបាញ់ប្រហារ ជាច្រើនគ្រាប់នៅមុខទីតាំង ហ្គេមបាញ់ត្រីមួយកន្លែង នៅប្លុកបឹងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាម៉ោង ១៖៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ។
បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញយុវជនរងគ្រោះ បានឈ្លោះប្រកែកជាមួយជនបង្ក២នាក់ លុះមួយសន្ទុះក្រោយមក មិនដឹងថា មានរឿងអ្វីកើតឡើងរវាងជនបង្ក និងជនរងគ្រោះនោះទេ គឺស្រាប់តែជនបង្កទាំង២នាក់ បានដកកាំភ្លើងខ្លើងខ្លីពីចង្កេះ ធ្វើការបាញ់ប្រហារមកលើជនរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវ ចង្កេះពីខាងក្រោយធ្លាយមកពោះ រងរបួសដេកដួលតែម្តង។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបាញ់ហើយជនបង្កទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក Fino ពណ៌សលាយផ្កាឈូក គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកនៅតែជនរងគ្រោះ និងសំបកគ្រាប់កាំភ្លើង នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ហើយជនរងគ្រោះត្រូវបាន មិត្តភក្តិដឹកយកទៅសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ។
បើតាមការប្រាប់ពីឪពុក របស់ជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឆាយ ចិន្តា ស្នាក់នៅផ្ទះលេខ៤៩បេ ផ្លូវលេខ១៣៩ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក៕
Posted by Fresh News Photo on Sunday, April 10, 2016