(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលបន្ទុកស្រុកកណ្តាលស្ទឹង ប្រធានគណៈ កម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សឃុំ គណៈសាខាភូមិ សាខាប៉ុស្តិ៍ ប្រធានក្រុមបក្សឃុំ និងក្រុមការងារចុះជួយពង្រឹងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន៤៧៦នាក់។
បន្ទាប់ពីលោក អ៊ូច សៅវឿន ប្រធានគណបក្សស្រុកកណ្តាលស្ទឹង ឡើងអានសេចក្តីសម្រេចសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង រួចមក ឯកឧត្តម ម៉ម ប៊ុននាង បានសម្តែងនូវសេចក្តីរីករាយ ដែលបានចូលរួមអបអរសាទរក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណ បក្សចុះមូលដ្ឋានឃុំព្រែកស្លែងនាពេលនោះ។
លោកបានមានប្រសាសន៍ថា ប្រទេសជាតិយើងនាពេលបច្ចុប្បន្នមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាក់ស្តែងនៅមូលដ្ឋានឃុំព្រែកស្លែងយើង មានផ្លូវ មានទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងមានរោងចក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើ មានជីវភាពល្អប្រសើរឡើង។
លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរស្រុក ឃុំ ភូមិ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពិសេសត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ និង២ចូលរួមរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣)ឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់ឃុំព្រែកស្លែងចំនួន ៥០០,០០០រៀល ភូមិទាំង៤ ក្នុងឃុំព្រែកស្លែង ក្នុងមួយភូមិៗទទួលបានថវិកាចំនួន ២០០,០០០រៀល នាយប៉ុស្តិ៍រដ្ឋបាលឃុំថវិកាចំនួន២០០,០០០រៀល សមាជិកក្រុមប្រឹក្សាឃុំចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល មេភូមិ សមា ជិក ភូមិចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល និងប្រជាពលរដ្ឋចំនួន២៨៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល និងឧបត្ថម្ភអង្គពិធីថវិកាចំនួន ១,៩៦០,០០០រៀល ឧបត្ថម្ភថវិកាចំនួន៧០០ដុល្លារ សម្រាប់ទិញវិទ្យុទាក់ទងជូនប្រជាការពារចំនួន២០នាក់ ដោយចំណាយអស់ថវិកាសរុបចំនួន១២,៨០០,០០០រៀល (ដប់ពីរលាន ប្រាំបីសែនរៀល) និង៧០០$(ប្រាំពីររយដុល្លារ)។
បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះដែរ លោក ម៉ម ប៊ុននាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន៨៥នាក់។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណដល់គណៈកម្មការថា្នក់ស្រុក ដែលមកជួយធ្វើជាអាជ្ញាកណ្តាលនៃកម្មវិធីបោះឆ្នោតនេះ ដែលធ្វើឡើងក្នុងគោលបំណងអនុវត្តតាមសេចក្តីណែនាំរបស់គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងផែនការសកម្មភាពរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត។ ការបោះឆ្នោតស្ទាបស្ទង់នេះ សំដៅជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ដែលសមត្ថភាព ប្រជាប្រិយភាព និងប្រសិទ្ធភាព ជាអ្នកដែលប្រជាជនស្រលាញ់ពេញចិត្ត។
លោកបានមានប្រសាសន៍ផ្តាំផ្ញើដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ឃុំត្រពាំងវែង និងសូមកុំមានការអាក់អន់ចិត្តចំពោះលទ្ធផលបោះឆ្នោតអី ពីព្រោះការបោះឆ្នោតទៅមានជាប់ មានធ្លាក់ គឺអាស្រ័យទៅលើការគាំទ្រ និងការខិតខំធ្វើអំពើល្អធ្វើឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត និងទទួលបានការគាំទ្រច្រើន ហើយគណៈកម្មការនឹងរៀបចំតាមអ្វីដែលជាលទ្ធផលទទួលបាន។ ហើយក្នុងពេលខាងមុខនិងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចនេះសូមបងប្អូនបេក្ខជនទាំងអស់ត្រូវចេះជួយគាំទ្រគ្នា សហការគ្នា ជួយគ្នាទៅវិញទៅមក និងចូលរួមធ្វើយុទ្ធនាការរកសម្លេងឆ្នោតទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មក លោក ម៉ម ប៊ុននាង បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំងចំនួន៨៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០,០០០រៀល ឧបត្ថម្ភថវិកាចំនួន៣០០ដុល្លារ សម្រាប់ជួសជុលស្នាក់ការភូមិ ដោយចំណាយអស់ថវិកាសរុបចំនួន៧,៤៨០,០០០រៀល (ប្រាំពីរលាន បួនសែនប្រាំបីម៉ឺនរៀល) និង៣០០$(បីរយដុល្លារ)៕