(ពោធិ៍សាត់)៖ ឃាតកវ័យក្មេង ដែលកាប់សម្លាប់មន្ដ្រីរដ្ឋបាលព្រៃឈើប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាលខេត្តពោធិ៍សាត់ ស្រាវជ្រាវចាប់ខ្លួនបាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយពីរត់គេចខ្លួនបានប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើសកម្មភាព។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបាននាព្រឹកមិញនេះ នៅចំណុចវត្តកែវឧត្តម ហៅវត្តកណ្ដាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជនដៃដល់ឈ្មោះ រឿន រ៉ូ អាយុ១៥ឆ្នាំ ជាកូនឈ្នួលរស់នៅជាមួយជនរងគ្រោះ។ បើតាមសមត្ថកិច្ច ករណីនេះកើតឡើងដោយផ្តើមចេញ ពីការប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។

ជនសង្ស័យ បានឆ្លើយសារភាពថានៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះ បានបើករថយន្តមកដឹកខ្លួនពីខេត្តពោធិ៍សាត់ ទៅរស់នៅជាមួយ នៅស្នាក់ការរដ្ឋបាលព្រៃឈើប្រម៉ោយ នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ពោលគឺទៅចិញ្ចឹមមាន់ និងចិញ្ចឹមទា ដោយឈ្មោះ វិសាល បានឱ្យប្រាក់ខែ ក្នុងមួយខែ១០០ដុល្លារ។ ពេលនោះខ្លួនបានសម្រាកនៅកញ្ចុះ ក្នុងស្នាក់ការរដ្ឋបាលព្រៃឈើ គឺចងអង្រឹង ដោយឡែកឈ្មោះ វិសាល បានស្នាក់នៅក្នុងស្នាក់ការ។ លុះដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២អាធ្រាត ជនរងគ្រោះបានមកហៅខ្លួនឱ្យចូលទៅដេកនៅលើគ្រែក្នុងស្នាក់ការជាមួយ រហូតដល់ម៉ោងប្រហែល៤ និង០០ជិតភ្លឺ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់មកខ្លួនបានភ្ញាក់ពីដេក បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះតែម្ដង គឺមានគោលបំណងយកទ្រព្យសម្បត្តិដូចជា ទូរស័ព្ទចំនួន៣គ្រឿង ម៉ូតូ២០១៩ មួយគ្រឿង និងចិញ្ចៀនមួយវង់។ នៅម៉ោងប្រហែល០៦ ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានជិះម៉ូតូចេញពីស្នាក់ការរដ្ឋបាលព្រៃឈើ សំដៅមកខេត្តពោធិ៍សាត់ ហើយសំដៅទៅទីក្រុងភ្នំពេញតែម្ដង (ក្នុងគោលបំណងដើរលេង) ពេលត្រឡប់មកវិញ ត្រូវប៉ូលីសចរាចរណ៍ ចាប់ម៉ូតូអត់កញ្ចក់ ខ្លួនក៏យកទូរស័ព្ទទៅលក់តម្លៃ១៥ម៉ឺនរៀល ដោយបង់ឱ្យប៉ូលិសចរាចរណ៍ ចំនួន១០ម៉ឺនរៀល នៅម្ដុំព្រែកព្នៅ។

ហើយខ្លួនបានបន្តដំណើរខេត្តពោធិ៍សាត់វិញ គឺបានចូលទៅផ្ទះប្រពន្ធមួយភ្លែត ហើយក៏ជិះម៉ូតូទៅស្រុកភ្នំក្រវាញ គឺទៅស្នាក់នៅក្នុងវត្តកណ្ដាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩ជាង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន រួមទាំងវត្ថុតាងម៉ូតូ២០១៩ ឡើងតែម២០២១ ចំនួន០១គ្រឿង ទូរស័ព្ទiPhone 5 ចំនួន០១គ្រឿង ដោយឡែកចិញ្ចៀនមួយវង់ លក់បានតម្លៃ៣០ម៉ឺនរៀល, ទូរស័ព្ទលក់នៅផ្សារស្រុកភ្នំក្រវាញ បានតម្លៃ១៥ម៉ឺនរៀល។ ហើយខ្លួនបានមកស្នាក់នៅក្នុងវត្តកណ្ដាល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានស្គាល់នេនមួយអង្គ ដែលធ្លាប់បួសជាមួយគ្នា សុំស្នាក់នៅទីនោះជាបណ្ដោះអាសន្ន។ ជនសង្ស័យបានឆ្លើយបំភ្លឺថា ខ្លួនបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ចំនួនតែ៣កាំបិតប៉ុណ្ណោះ។

គួររំលឹកថា បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីរដ្ឋបាលព្រៃឈើប្រម៉ោយ ឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានជនសង្ស័យឈ្មោះ រឿន រ៉ូ ភេទប្រុស ជាឈ្មួលរស់នៅធ្វើការជាមួយជនរងគ្រោះ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមលើគ្រែ នៅស្នាក់ការរដ្ឋបាលព្រៃឈើប្រម៉ោយ ត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានប្រមែលប្រមូលសម្ភារៈ ដែលក្នុងនោះរួមមាន៖ ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខពោធិ៍សាត់ 1I-9761, ទូរស័ព្ទដៃ iPhone ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់ រត់គេចខ្លួនបាត់ស្រមោល។ ប៉ុន្ដែដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃនេះ។

បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងនាំខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕