(បន្ទាយមានជ័យ)៖ ករណីពុលអាល់កុលលាយជាមួយភេសជ្ជៈ បណ្តាលឱ្យពលករចំនួន ៧នាក់ស្លាប់ក្នុងចំណោមចំនួន ២៥នាក់ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០២១នេះ ត្រូវមន្ត្រីជំនាញបានយកវត្ថុតាងទៅពិនិត្យ និងស្រាវជ្រាវនៅមន្ទីរពិសោធន៍ជាតិ ក្រសួងសុខាភិបាល។

បើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ពិសេសគ្រូពេទ្យពិនិត្យបន្សាបព្យាបាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ថា «គិតមកទល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ពលករមកពីថៃក្រុមគ្រូពេទ្យយកមកសម្រាកនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នោះបានពុលអាល់កុលលាយ និងភេសជ្ជៈចំនួន២៥នាក់ ស្លាប់៧នាក់ដដែល មន្ត្រីជំនាញកំពុងយកភស្តុតាងធ្វើការស្រាវជ្រាវនៅមន្ទីរពិសោធន៍ជាតិក្រសួងសុខាភិបាល»។

លោកវេជ្ជបណ្ឌិត ឡែ ច័ន្ទសង្វាត បានបញ្ជាក់ថា ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ មកធ្វើចត្តាឡីស័កដាក់ជាក្រុមតូចៗ នៅមណ្ឌលចត្តាឡីស័កកូបធំ នោះបានយកទឹកអាល់កុលដែលទិញខ្លួនឯង និងបានពីស្ត្រីពលករម្នាក់ ឈ្មោះ លី ដា ភេទស្រី អាយុ៣៥ឆ្នាំ លំនៅភូមិទំនប់៥សង្កាត់ ក្រុងប៉ោយប៉ែត មកលាយជាមួយទឹកក្រូច ទឹកអូអ៉ីឈិក និងទឹកសុទ្ធ យកទៅលួចផឹកតាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែមិនទាន់អី។

ប្រធានមន្ទីរសុខាភិបាលខេត្ត បានបន្ថែមថា «លុះដល់រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានផឹកបន្តហើយច្រើនជាងមុនក៏បណ្តាលឱ្យមានបញ្ហាសុខភាពដូចជាទន់ដៃជើង ឈឺពោះ ចុះក្អួត វិលមុខ និងថប់ដង្ហើម ឃើញសភាពដូច្នេះ ក្រុមការងារបានយករថយន្តគិលានសង្គ្រោះរបស់ពេទ្យដឹកបញ្ជូនទៅជួយសង្រ្គោះ នៅមន្ទីរពេទ្យប៉ោយប៉ែត មន្ទីរពេទ្យខេត្តមិត្តភាពជប៉ុន-មង្គលបូរី ខេត្តបន្ទាយមានជ័យ និងក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប សរុបចំនួន២៥នាក់ ស្រី២នាក់ នៅយប់នោះបានពុលស្លាប់ចំនួន ៧នាក់ ស្រីម្នាក់»។

លោកវេជ្ជបណ្ឌិតឡែ ច័ន្ទសង្វាត បានបញ្ជាក់ថា ពលករដែលស្លាប់រួមមាន៖

ទី១៖ ឈ្មោះលី ដា ភេទស្រី អាយុ៣៥ឆ្នាំ លំនៅភូមិទំនប់៥ សង្កាត់ប៉ោយ ក្រុងប៉ោយប៉ែត ជាអ្នកចែកអាល់កុលអាយគ្មានប្រភពឱ្យអ្នកផ្សេងលាយផឹក
ទី២៖ ឈ្មោះ ហៃ ឈិន ភេទប្រុស អាយុ៣៥ឆ្នាំ លំនៅស្រុកពញាឮ ខេត្តកណ្តាល
ទី៣៖ ឈ្មោះ រឿត រ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ លំនៅស្រុកពួក ខេត្តសៀមរាប
ទី៤៖ ឈ្មោះ ភាព សិទ្ធិ ភេទប្រុស អាយុ២៩ឆ្នាំ លំនៅភូមិរំដាស់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ អ្នកទាំងនេះស្លាប់នៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុនមង្គលបូរី
ទី៥៖ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ២២ឆ្នាំ លំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ទី៦៖ ឈ្មោះ ផៅ ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ លំនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
និងទី៧៖ ឈ្មោះ សាំ សិទ្ធិភេទ ប្រុស៣៥ឆ្នាំ ស្លាប់នៅខែត្តសៀមរាប។

លោកវេជ្ជបណ្ឌិត ឡែ ច័ន្ទសង្វាត បានបន្តថា «ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវ យកភស្តុតាងដូចជាសំណាកដែលនៅសល់ មានទឹកអាល់កុលសុទ្ធ ទឹកអាល់កុលដែលបានលាយផឹក និងវត្ថុផ្សេងទៀតបញ្ជូនទៅមន្ទីរពិសោធន៍ជាតិក្រសួងសុខាភិបាល មន្ទីរពិសោធន៍ ក .ប .ប (អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែងបន្លំ(ក.ប.ប. ឬ CCF) ក្រសួងពាណិជ្ជកម្ម ដើម្បីវិភាគរកមើលជាតិពុល ដែលជាមូលហេតុធ្វើឱ្យមានបញ្ហាសុខភាព រហូតដល់មានការបាត់បង់អាយុជីវិតមនុស្ស»។

ក្រោយពីធ្វើការពិនិត្យហើយបានចេញលទ្ធផលគឺ អាល់កុលដែលពលករលាយផឹកនោះ មានសារជាតិមេតាណុលកម្រិតខ្ពស់ ក្រោយពីមានមនុស្សបាត់បង់ជីវិតហើយកម្លាំងការពារបានបង្កើនការរឹតបន្តឹងសន្តិសុខ ក៏ដូចជាការយកចូលមណ្ឌលនូវចំណីអាហារ គ្រឿងស្រវឹង អាល់កុល និងរបស់ផ្សេងៗជាដើម៕