(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា តំណាងទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូ អញ្ជើញសាកសួរសុខទុក្ខ ចែកអំណាយ និងប្រគល់អណ្ដូងទឹកស្អាតប្រើម៉ូទ័រ ជូនដល់ប្រជាពលរដ្ឋរស់នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
មានមតិសំណេះសំណាលនាឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជូនចំពោះប្រជាពរដ្ឋ ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។ លោក រ៉ូហ្វី អូស្មាន់ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកកូនចៅទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ និងរក្សាអម័យខ្ពស់ក្នុងការរស់នៅតាមបែបគន្លងថ្មី។
បន្ថែមពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវម្ចាស់ការ និងប្រាកដថា ខ្លួនពិតជាមានឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឬចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលាបានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាមួយគ្នានេះ លោក កេង ប៊ុណ្ណា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់លោក រ៉ូហ្វី អូស្មាន ដែលបានប្រគល់អណ្ដូងចំនួនច្រើនដល់ខេត្តរបស់លោក ដែលជាការរួមចំណែកដោះស្រាយ នូវការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ លោកក៏បានកោតសរសើរចំពោះទឹកចិត្តរបស់សហគមន៍ខ្មែរឥស្លាម ដែលជានិច្ចកាលតែងតែចូលរួមអភិវឌ្ឍសង្គមតាមរយៈការងារមនុស្សធម៌ជាច្រើនកន្លងមក។ លើសពីនេះសូមអរគុណចំពោះសមានចិត្តរបស់សាសនិកឥស្លាមទាំងអស់ ដែលតែងតែគាំទ្ រនិងផ្ដល់ទំនុកចិត្តដល់គណបក្សប្រជាជនកម្ពុជា តាមរយៈសន្លឹកឆ្នោតដោយសុភវិនិច្ឆ័យជាទីបំផុត។
អណ្ដូងទឹកស្អាតបំពាក់ដោយម៉ូទ័រ ដែលប្រគល់ជូនប្រជាពលរដ្ឋនៅពេលនេះ មានចំនួន៣៣២អណ្តូង ដែលគិតជាថវិកាសរុប៩៩,៦០០ដុល្លារ ជាជំនួយរបស់សប្បុរសជន ពីប្រទេសម៉ាឡេសុី និងកញ្ចប់អំណោយរួមមាន អង្ករ២០គីឡូក្រាម ចំនួន១០០កញ្ចប់ សរុបថរិកា១,០០០ដុល្លារ, សំលៀកបំពាក់ថ្វាយបង្គុំស្រី្ត ១០០ឈុត សរុបថរិកា ៧៥០ដុល្លារ, គម្ពីអាល់គួអាន ២៨០ក្បាល ដំណាប់ល្មើ ១៦០កញ្ចប់ និងឈុតរុំសាកសព ចំនួន១០០ឈុត ជាជំនួយរបស់សប្បុរស់ជនប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់ប៊ិតសាអ៊ូទីត ផ្ដល់ជូនតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា៕