(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងជំរុញដល់មន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់នៅកម្ពុជា ត្រូវតែពង្រឹងទាំងសមត្ថភាព ជំនាញច្បាស់លាស់ សេវាកម្មល្អ និងមានសីលធម៌គ្រប់ពេលវេលាដល់អ្នកជំងឺ ខណៈដែលពលរដ្ឋយើងទៅព្យាបាលនៅក្រៅប្រទេសតែ១% តែប៉ុណ្ណោះ។
លោករដ្ឋមន្ដ្រីបានថ្លែងយ៉ាងដូច្នេះ ក្នុងកម្មវិធីបិទទិវាវេជ្ជសាស្រ្ដ សល្យសាស្រ្ដលើកទី២០ និងថែទាំងវេជ្ជសាស្រ្ដលើកទី៧ នៅមន្ទីរពេទ្យរុស្ស៊ី ។ លោករដ្ឋមន្ត្រីបន្ដថាទៀតថា តាមរយៈ World Bank បានឲ្យដឹងថា រហូតមកទល់ពេលនេះប្រជាពលរដ្ឋកម្ពុជា ដែលទទួលសេវាព្យាបាលនៅក្រៅប្រទេសមានតែ ១% តែប៉ុណ្ណោះ ក្រៅពីនោះគឺពេទ្យឯកជន និងពេទ្យទាំងអស់។
លោករដ្ឋមន្ដ្រីបន្ដថា «ដូច្នេះខ្ញុំសូមអំពាវនាវ គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវតែគោរពនួវតួនាទី ខិតខំប្រឹងប្រែងមើលថែអ្នកជំងឺគ្រប់ពេលវេលា ពិសេសត្រូវមានសុជីវធម៌ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ម្យ៉ាងទៀត ត្រូវតែចេះឲ្យតម្លៃលើការងារខ្លួនឯងផងដែរ»។
ទន្ទឹមនឹងនោះ លោក វេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ី បានគាំទ្រនូវការថ្លែងរបស់លោករដ្ឋមន្ដ្រីផងដែរ ហើយលោកក៏បានថ្លែងបញ្ជាក់ថា មន្ទីរមិត្តភាពខ្មែរ សូវៀត នឹងប្រឹងប្រែងបង្កើនសមត្ថភាពបន្ដទៀត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ យោបល់ និងចែករំលែកបច្ចេកទេសគ្នាទៅវិញទៅមក ក្នុងគោបំណងជំរុញអោយមានការយកចិត្តទុដាក់ និងពង្រឹង លើកស្ទួយបច្ចេកទេសជាប់ជា ប្រចាំដើម្បីអោយកាន់តែផ្ដល់សេវាកម្ម ព្យាបាល និងថែទាំ ប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់់ជូនដល់ប្រជាជន៕