(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួបលោក Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសត្ថភាពជប៉ុន ប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត ដើម្បីពិភាក្សាលើទិដ្ឋភាពមួយចំនួនសម្រាប់ការវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះលោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានសម្តែងនូវកិច្ចស្វាគមន៍ដ៏កក់ក្តៅចំពោះវត្តមានរបស់លោកឯកអគ្គរាជទូតជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន ដែលបានអញ្ជើញមកទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងយល់ពីគោលនយោបាយលើកទឹកចិត្តគម្រោងវិនិយោគដំឡើងយានយន្ត។

លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងល្អលើកិច្ចការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម និង វប្បធម៌ ដែលតាមនេះ កម្ពុជាតែងចាត់ទុកជប៉ុន ជាដៃគូអភិវឌ្ឍដ៏សំខាន់ ហើយជាមួយនេះ វិនិយោគិនជប៉ុនមក កម្ពុជាក៏មានចំនួនកើនឡើងជាបន្តបន្ទាប់ តាំងពីសហគ្រាសធុនតូច ដល់ធុនធំ ដោយមានការបង្កើតរោងចក្រជាច្រើន រាប់តាំងពីវិស័យម្ហូបអាហារដល់យានយន្ត។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូជប៉ុនអំពីខ្លឹមសារគោល និងរបបលើកទឹកចិត្តសារពើពន្ធ ដែលមានចែងក្នុងច្បាប់វិនិយោគថ្មី ដែលទើបត្រូវបានអនុម័តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១។ លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគរបស់រកម្ពុជា ជាច្បាប់ថ្មីមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្តិ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសនៅកម្ពុជា ក្នុងបរិបទនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង។

លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា ច្បាប់វិនិយោគថ្មីនេះ ផ្តល់នូវរបបលើកទឹកចិត្តផ្នែកសារពើពន្ធ ៣ប្រភេទគឺ៖ (១) ការលើកទឹកចិត្តមូលដ្ឋាន, (២) ការលើកទឹកចិត្តបន្ថែម និង (៣) ការលើកទឹកចិត្តពិសេស ដែលមានភាពច្បាស់លាស់មុតស្រួច ចំគោលដៅជាងមុន និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ ជាពិសេសវិស័យ និងសកម្មភាពដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ មានតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម។

លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល, វិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងច្បាប់វិនិយោគថ្មី, វិនិយោគិនក្នុងស្រុក និងមកពីបរទេស ព្រមទាំងវិនិយោគិនជប៉ុន នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ដែលអាចចាត់ទុកជាមេដែកសម្រាប់ការទាក់ទាញការវិនិយោគដទៃទៀត។ ទន្ទឹមនេះ ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន លើវិស័យយានយន្តនៅប្រទេសកម្ពុជា ក៏ជាមេដែកដ៏សំខាន់មួយដែរ សម្រាប់ស្រូបទាញវិនិយោគិនជប៉ុន ពីបណ្តាប្រទេសផ្សេងទៀត។

បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ហ៊ាន សាហ៉ីប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរលោកអគ្គរាជទូតជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន ឱ្យទទួលជោគជ័យក្នុងភារកិច្ច និងការវិនិយោគនៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមស្វាគមន៍ការវិនិយោគ និងការចូលរួមចំណែកក្នុងការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា៕