(ភ្នំពេញ)៖ ក្នុងពិធីជប់លៀងអបអរសាទរខួប១៧ឆ្នាំ របស់មន្ទីរព្យាបាលធ្មេញបស្ចិម លោកទន្តបណ្ឌិត ចាប ឫទ្ធី ក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩មក មន្ទីរព្យាបាលធ្មេញបស្ចិមបានពិនិត្យ និងព្យាបាលជូនអ្នកជំងឺជិត២០ម៉ឺននាក់ ក្នុងនោះអ្នកជំងឺបរទេស២៦ភាគរយ។

លោកបានបន្តទៀតថា មន្ទីរព្យាបាលធ្មេញបស្ចិម ជាមន្ទីរព្យាបាលធ្មេញធំជាងគេនៅកម្ពុជា ដែលដំបូងចាប់ផ្តើមពីកៅអីធ្មេញតែមួយគត់ បច្ចុប្បន្នមានកៅអីធ្មេញរហូតដល់៥០ មានទីតាំងធំៗបួននៅភ្នំពេញ និងខេត្តសៀមរាប មានបុគ្គលិកបំពេញការងារ១៤៦នាក់ និងទន្តបណ្ឌិតខ្មែរ បរទេស៣៥នាក់។ លើសពីនេះបស្ចិម ត្រូវបានទទួលស្គាល់គុណភាពលំដាប់អន្តរជាតិ ISO 9001-2008 ពីចក្រភពអង់គ្លេសកាលពីឆ្នាំ២០១១។
 
លោកទន្តបណ្ឌិត ចាប ឫទ្ធី បានថ្លែងអំណរគុណ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងមានទំនុកចិត្តមកកាន់មន្ទីរព្យាបាលធ្មេញ ដែលការគាំទ្រ និងទំនុកចិត្តនេះ គឺជាកត្តារួមចំណែកក្នុងការបង្កើត ភាពជោគជ័យក្នុងរយៈពេល១៧ឆ្នាំនេះ ហើយយើងប្តេជ្ញានឹងបន្តផ្តល់ជូនអតិថិជនទាំងអស់នូវគុណភាពខ្ពស់ អនាម័យល្អ និងសេវាកម្មឈានមុខ ក៏ដូចជាលើកមុខមាត់វិស័យសុខភាព មាត់ធ្មេញនៅកម្ពុជា។

ដើម្បីអបអរសាទរគំរប់ខួប១៧ឆ្នាំ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មន្ទីរព្យាបាលធ្មេញបស្ចិម បានផ្តល់ជូនពិសេស ការពិនិត្យសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ បញ្ជុះតម្លៃ៥០ភាគរយសម្រាប់ការសំអាតធ្មេញ  ការផ្តល់ជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី១ ដល់៣០ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ នៅគ្រប់សាខាទាំងអស់របស់មន្ទីរព្យាបាលធ្មេញបស្ចិម៕