(ភ្នំពេញ)៖ មន្រ្តីក្រសួងមហាផ្ទៃបានថ្លែងប្រាប់ឲ្យដឹងថា តំណាងរាស្រ្ត អ៊ុំ សំអាន កំពុងបន្តស្ថិតនៅក្រោមការសាកសួរនៅឡើយ មិនទាន់បញ្ចប់នោះទេ បន្ទាប់ពីអង្គភាពនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបើកការសាកសួរតាំងពីព្រឹកម៉ោង ៧ព្រឹករហូតដល់វេលាម៉ោង ២៖៤៥នាទីពេលនេះ។
លោក អ៊ុំ សំអាន បានចាប់ខ្លួនដោយកម្លាំងសមត្ថកិច្ច នៅលើទឹកដីខេត្តសៀមរាប នាវេលាម៉ោងប្រមាណជាង១២យប់រំលងអាធ្រាត ហើយបានបញ្ជូនមកដល់ក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ៧ព្រឹកថ្ងៃនេះ ។ នេះបើតាមមន្រ្តីសមត្ថកិច្ចក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ តំណាងរាស្រ្តរូបនោះ ត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ៕
សូមជំរាបថា លោក អ៊ុំ សំអាន នាពេលកន្លងទៅបានបង្ហោះផែនទី របស់កម្ពុជាច្រើនសន្លឹក នៅលើ Facebook សុទ្ធសឹងតែផែនទីក្លែងក្លាយ ក្នុងគោលបំណង ដើម្បីបង្កភាពចលាចលនៅក្នុងសង្គម ហើយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ លោក អ៊ុំ សំអាន តំណាងរាស្រ្តខេត្តសៀមរាប ត្រូវបានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដាក់ទណ្ឌកម្ម វិន័យមួយចំនួន បន្ទាប់ពីសកម្មភាព ផ្សាយតាមបណ្តាញព័ត៌មានសង្គម ប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋសភា និងការជេរប្រមាថមើលងាយប្រធានរដ្ឋសភា ដែលផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
គួររំលឹកថា លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ហើយលោកត្រូវបានសាលាដំបូង សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ ចំនួន៣ករណីរួមមាន បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម៕