(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ កែវ មាស ដែលគេស្គាល់ថា ជាប្រធានការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ បានចូលទៅបំភ្លឺនៅចំពោះមុខព្រះរាជអាជ្ញារង លោកស្រី សឺ វណ្ណី ក្រោយពីស្ត្រីម្នាក់ដែលគេស្គាល់ឈ្មោះ ជា គង្គា ជាភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ បានដាក់ពាក្យបណ្ដឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈពាក់ព័ន្ធ។ អ្នកស្រីអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារ្តិ៍ មកលើអ្នកស្រីដែលជាព័ត៌មាន មិនពិតឲ្យសារព័ត៌មានយកទៅចុះផ្សាយ។
ភ្នាក់ងារ Fresh News ប្រចាំតុលាការ បានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ គេបានឃើញលោកឧត្តមសេនីយ៍ កែវ មាស អមដោយអង្គរក្សឆ្វេងស្តាំផងនោះបានចូលទៅតុលាការដើម្បីបំភ្លឺនៅបន្ទប់ព្រះរាជអាជ្ញារង សឺ វណ្ណី តែលទ្ធផលនៃការសួរនាំនោះ គេមិនទាន់ដឹងនោះទេ។
ក្នុងពាក្យបណ្ដឹងអ្នកស្រី ជា គង្គា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បានអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារ្តិ៍ អ្នកស្រីក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុកមួយយកទៅចុះផ្សាយ ជាសាធារណៈតាមព័ត៌មានអនឡាញ។
នៅក្នុងបទសម្ភាសន៍នោះ លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយចោទប្រកាន់ទៅលើអ្នកស្រី ជា គង្គា ថា លោកឧត្តមសេនីយ៍ ដុម ហាក់ គាត់ឲ្យប្រពន្ធក្រោយរុញ មកចាប់យកដី២ហិកតា នៅបន្ទាយស្រីលក់បាត់ហើយ និងនិយាយថា លោកឧត្តមសេនីយ៍ ដុម ហាក់ ហ្នឹងណាស់ គឺប្រពន្ធចុងរុញចាប់យកដីគ្រប់កន្លែង មិនមែនមួយហ្នឹងទេ នៅតាមព្រំដែន ឲ្យតែដីណាមិនច្បាស់លាស់ចាប់យកបាត់ ព្រមទាំងនិយាយបន្ថែមទៀតថា ជំទាវចំតិត មិនដឹងយ៉ាងម៉េចទេ ឲ្យគេថតសំឡេងខ្ញុំយកទៅប្ដឹង ដែលពាក្យពេជន៍ទាំងអស់ខាងលើនេះ សុទ្ធសឹងតែជាការនិយាយបំភ្លើសការពិត និងមួលបង្កាច់ទៅលើអ្នកស្រីដោយគ្មានភស្តុតាង និងជាការប្រមាថដល់ស្ត្រីខ្មែរគ្រប់រូប និងជាការនិយាយផ្ដេសផ្ដាស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រី ដោយអ្នកស្រីប្ដឹងទាមទារឲ្យតុលាការ ផ្ដល់យុត្តិធម៌តាមច្បាប់ និងទាមទារជំងឺចិត្តចំនួន១០០០លានរៀលផងដែរ។
លោកឧត្តមសេនីយ៍ កែវ មាស មិនបានប្រាប់ក្រុមអ្នកយកព័ត៌មាននោះទេ ចំពោះការចូលទៅឆ្លើយបំភ្លឺរបស់លោក៕