(នូវែលសេឡង់)៖ រដ្ឋាភិបាលនូវែលសេឡង់ បានប្រកាសនៅមុននេះបន្តិចថា ខ្លួននឹងធ្វើការត្រួតពិនិត្យ ច្បាប់បង្កើនទំនុកចិត្តពីបរទេសឡើងវិញ បន្ទាប់ពីមានការបែកធ្លាយឯកសារសម្ងាត់ Panama Papers ដែលកំពុងតែបង្កការរំជើបរំជួលខ្លាំងជាលក្ខណៈអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។
នូវែលសេឡង់ មិនបានធ្វើការបកស្រាយអ្វីច្រើនជុំវិញបញ្ហានេះឡើយ ប៉ុន្តែខ្លួនបានអះអាងថា រឿងគេចពន្ធអន្តរជាតិ និងការជាប់ទាក់ទិនដទៃទៀត ត្រូវតែមានការត្រួតពិនិត្យ ព្រមទាំងដោះស្រាយ តាមច្បាប់ជាដាច់ខាត។ រដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលសេឡង់លោក Bill English បានថ្លែងថា រដ្ឋមន្ត្រីទាំងអស់ បានសម្រេចថា Panama Papers នោះជាពន្លឺថ្មីដែលអាចឲ្យយើងពិនិត្យឡើងវិញ ថាតើច្បាប់កន្លងមកនេះ ពិតជាគ្រប់គ្រាន់អាប់ទប់ស្កាត់បទល្មើសបែបលាក់កំបាំងដែរ ឬទេ។
គួរបញ្ជាក់ថា Panama Papers បានបកអាក្រាតក្រុមហ៊ុនរកស៊ីតាមដែនសមុទ្រជាច្រើន ដែលបាន ធ្វើឯកសារបន្លំគេចពន្ធ នៅក្នុងប្រទេសនូវែលសេឡង់ផងដែរ។ ឆ្លើយតបនឹងបញ្ហានេះ លោក English អះអាងថា នឹងធ្វើការត្រួតពិនិត្យច្បាប់កន្លងមក ដើម្បីរក្សាទំនុកចិត្តចំពោះបរទេស ក្នុងនោះរួមមានទាំងកំណត់ត្រា និង ការផ្លាស់ប្តូរព័ត៌មាន ជាមួយនឹងយុត្តាធិការពន្ធនានា៕