(អាមេរិក)៖ កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone SE អេក្រង់ ៤អ៉ឺង និងចេញលក់នៅចុងខែមីនា ក្នុងតម្លៃចាប់ពី៣៩៩ដុល្លារអាមេរិក ហើយមកដល់ពេលនេះ មានទីផ្សារមួយចំនួនលក់ iPhone SE អស់ពីស្ដុកថែមទៀតផង។
តើលោកអ្នកចង់ដឹងទេថា iPhone SE មានតម្លៃដើម (ថ្លៃចំណាយលើការផលិត) ចំនួនប៉ុន្មាន? យោងតាមរបាយការណ៍វិភាគ របស់ស្ថានប័ន IHS បានឲ្យដឹងថា ក្រុមហ៊ុន Apple បានចំណាយប្រាក់ត្រឹមតែ ១៦០ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីផលិត iPhone SE ម៉ូដែល 16GB មួយគ្រឿង ខណៈដែលដាក់លក់ នៅលើទីផ្សារមានតម្លៃរហូតដល់ ៣៩៩ដុល្លារអាមេរិក។
ស្ថាប័ន IHS បានបញ្ជាក់យ៉ាងលម្អិតថា បន្ទះអេក្រង់របស់ iPhone SE មានដែលផ្គត់ផ្គង់ ដោយក្រុមហ៊ុន LG Display មានតម្លៃ ២០ដុល្លារអាមេរិក, បន្ទះឈីបប្រភេទ A ដែលផលិតឡើង ដោយ Apple មានតម្លៃ ២២ដុល្លារអាមេរិក, បន្ទះឈីប Baseband ដែលផលិតឡើង ដោយក្រុមហ៊ុន Qualcomm មានតម្លៃ ១៥ដុល្លារអាមេរិក, មេម៉ូរ៉ី NAND ផលិតដោយក្រុមហ៊ុន Toshiba Semiconductor មានតម្លៃ ៣,៦ដុល្លារអាមេរិក, មេម៉ូរ៉ី DRAM 2GB ផលិតដោយក្រុមហ៊ុន SK Hynix មានតម្លៃ ១១,៨ដុល្លារអាមេរិក, បន្ទះឈីបគ្រប់គ្រងចរន្តភ្លើងទាំងអស់ មានតម្លៃប្រមាណ ៦,៥ដុល្លារអាមេរិក, អង់តែនហ្វ្រេកង់ទូរស័ព្ទ មានតម្លៃ ១៣,៧៥ដុល្លារអាមេរិក ព្រមទាំងគ្រឿងបន្លាស់ មួយចំនួនទៀត សរុបទាំងអស់ ប្រមាណ ១៦០ដុល្លារអាមេរិក៕