(ភ្នំពេញ)៖ សម្រាប់អ្នកដែលចង់ទទួលបាន នូវការរៀបអាពាហ៍ពិពាហ៍ តាមក្តីប្រាថ្នា និងមានសេចក្តីសុខ នៅពេលអនាគត គឺអាចមកទទួលយកសេវាប្រឹក្សាយោបល់ នៅក្រុមហ៊ុនកល្យាណអ៊ីនវេសម៉ិន ខូ អិល ធី ឌី (KALYAN INVESTMENT Co.,LTD) ស្ថិតនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោល រាជធានីភ្នំពេញ។
ក្រុមហ៊ុនមួយនេះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ក្រោមវត្តមានលោក ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក ជា សារ៉ន អគ្គនាយកក្រុមហ៊ុនក្រុមហ៊ុនកល្យាណ អ៊ីនវេសម៉ិន ខូ អិល ធី ឌី (KALYAN INVESTMENT Co.,LTD) ព្រមទាំងសមាជិកយ៉ាងច្រើនកុះករ។
លោក ជា សារ៉ន អគ្គនាយកក្រុមហ៊ុនកល្យាណ អ៊ីនវេសម៉ិន ខូ អិល ធី ឌី (KALYAN INVESTMENT Co.,LTD) បានថ្លែងថា ក្រុមហ៊ុនកល្យាណអ៊ីនវេសម៉ិន ខូ អិល ធី ឌី (KALYAN INVESTMENT Co.,LTD) បង្កើតឡើងក្នុងគោលបំណងដឹកនាំគ្រប់គ្រង អភិវឌ្ឍន៍ និងផ្តល់ប្រឹក្សាជូនប្រជាជន ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា។ ក្រុមហ៊ុនក្រៅពីការប្រឹក្សាយោបល់ លើការគ្រប់គ្រងអាពាហ៍ពិពាហ៍ តាមប្រាថ្នាក៏មានសេវាទិញ លក់អចលនទ្រព្យ សេវាផ្តល់ប្រាក់កមច្ចី សេវាអប់រំ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនបានចុះបញ្ជី នៅក្រសួងពាណិជ្ជកម្មលេខ១៣៨៨៣ពណ.ចបព ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មានទុនចុះបញ្ជីចំនួន ២.០០០.០០០.០០០រៀល ប្រមាណជា៥០ម៉ឺនដុល្លារអាមេរិក។
លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ចំពោះវត្តមានក្រុមហ៊ុនមួយនេះ ដែលបានយកសេវាកម្មថ្មី មកបម្រើជូនអតិថិជននៅពេលនេះ។ នេះគឺជាសេវាកម្មថ្មីមួយ ដែលវាមានសារៈសំខាន់ ចំពោះអ្នកដែលចង់បាននូវអាពាហ៍ពិពាហ៍មួយ ពិតប្រាកដហើយមានសេចក្តីនៅពេលអនាគត។
លោកលើកឡើងថា មានប្រជាពលរដ្ឋមួយចំនួន ចង់រៀបអាពាហ៍ពិពាហ៍ មានពេលខ្លះមិនសូវជាហ៊ាននិយាយ ជាមួយប៉ាម៉ាក់ឬសាច់ញាតិនោះទេ ដោយពួកគេខ្លាចទទួលការស្តីបន្ទោស បើនិយាយក៏មិននិយាយការពិត១០០ភាគរយដែរ ដោយខ្លាចឪពុក ម្តាយមិនពេញចិត្តជាដើម បើអ្នកក្រៅពួកគាត់ហ៊ាននិយាយ ហ៊ានប្រាប់នូវការពិត។ ដូច្នេះវត្តមានក្រុមហ៊ុននេះ នឹងអាចជួយពួកគាត់ឲ្យមានអាពាហ៍ពិពាហ៍ តាមក្តីប្រថ្នាដែលពួកគាត់ចង់បាន៕