(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌ សែន សុខ លោក ម៉ក់ ហុង បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៌ស្នងការ ជួន សុវណ្ណ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ នឹងការបាញ់ប្រហារយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីយប់មិញ។
ភ្នាក់ងារ Fresh News បានរាយការណ៌ថា ជនសង្ស័យមានគ្នា២នាក់ ជាបងប្អូនបង្កើត ហើយជនសង្ស័យជាបងប្រុស និងជាមន្រ្តីយោធាផងនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ស្ថិតនៅផ្ទះតាមបណ្តោយផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នារសៀលថ្ងៃនេះ ខណ:ជនសង្ស័យជាប្អូនប្រុស បាននិងកំពុងរត់គេចខ្លួន។
សេចក្តីរាយការណ៌ បានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ គង់ កុសល អាយុ៣៦ឆ្នាំ និងជាម្ចាស់កាំភ្លើងខ្លី តែកាំភ្លើងនោះ ត្រូវបានប្អូនប្រុស យកទៅជាមួយបាត់ហើយ។ សម្រាប់ករណីនេះ ត្រូវបានសមត្ថកិច្ច ប្រាប់ថា បណ្តាលមកពីរឿងគំនុំ ។
នៅពេលនេះ ជនសង្ស័យស្ថិតក្រោមការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តទៀត។
សូមបញ្ជាក់ថា យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីមានបុរស២នាក់ បានប្រើកាំភ្លើងខ្លីបាញ់ប្រហារ ជាច្រើនគ្រាប់នៅមុខទីតាំង ហ្គេមបាញ់ត្រីមួយកន្លែង នៅប្លុកបឹងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាម៉ោង ១៖៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ ។
បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញយុវជនរងគ្រោះ បានឈ្លោះប្រកែកជាមួយជនបង្ក២នាក់ លុះមួយសន្ទុះក្រោយមក មិនដឹងថា មានរឿងអ្វីកើតឡើងរវាងជនបង្ក និងជនរងគ្រោះនោះទេ គឺស្រាប់តែជនបង្កទាំង២នាក់ បានដកកាំភ្លើងខ្លើងខ្លីពីចង្កេះ ធ្វើការបាញ់ប្រហារមកលើជនរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវ ចង្កេះពីខាងក្រោយធ្លាយមកពោះ រងរបួសដេកដួលតែម្តង។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបាញ់ហើយជនបង្កទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក Fino ពណ៌សលាយផ្កាឈូក គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកនៅតែជនរងគ្រោះ និងសំបកគ្រាប់កាំភ្លើង នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ហើយជនរងគ្រោះត្រូវបាន មិត្តភក្តិដឹកយកទៅសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ ។
បើតាមការប្រាប់ពីឪពុក របស់ជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឆាយ ចិន្តា ស្នាក់នៅផ្ទះលេខ៤៩បេ ផ្លូវលេខ១៣៩ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ៕
Posted by Fresh News Photo on Sunday, April 10, 2016