(ប៉ៃលិន)៖ អ្នកសារព័ត៌មានម្នាក់ ក្នុងចំណោម៣នាក់ ត្រូវមន្ត្រីនគរបាលស្រុកសាលាក្រៅម្នាក់ ជិះម៉ូតូយកកាំភ្លើង AKស្វាយបត់ ទៅគម្រាមបាញ់សម្លាប់ នៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីពួកគេបានចុះទៅសួរនាំប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលត្រូវមន្ត្រីនគរបាល ខិលខូចរូបនោះយកកាំភ្លើង ទៅបាញ់បោះសេរីអស់ចំនួន៤គ្រាប់ កាលពីពេលថ្មីៗកន្លងទៅនេះ។
សេចក្តីរាយការណ៍ពីខេត្តប៉ៃលិន បានឲ្យដឹងថា លុះត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែនគរបាលរូបនោះ បានជិះម៉ូតូស្ពាយកាំភ្លើងយកទៅភ្ជង់គម្រាមបាញ់សម្លាប់ នៅម៉ោង៥៖២០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ អ៊ុក ទូច ភេទប្រុស អាយុ៤៣ឆ្នាំ ជាភ្នាក់ងារសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង៩ ៖៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ មានបុរសម្នាក់ ឈ្មោះ ឃា សុខន ហៅក្តាម ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ជាមន្ត្រីនគរបាលប្រចាំនៅស្រុកសាលាក្រៅ បាននាំគ្នាផឹកស៊ីស្រវឹងជាមួយមិត្តភក្តិរួចយកកាំ ភ្លើងអាកាស្វាយបត់បាញ់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ចំនួន៤គ្រាប់ នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ តែមិនបណ្តាលឱ្យរងរបួសនរណាម្នាក់នោះឡើយ គ្រាន់តែព្រលឹងចុងសក់ ហើយរើសបានសំបកគ្រាប់ចំនួន៤ និងក្បាលគ្រាប់១ផងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថា មានករណីមន្ត្រីនគរបាលខាងលើបាញ់បោះសេរី កាលពីប៉ុន្មានថ្ងៃមុន ទើបកាលពីវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១០ ខែមេសា នេះ ភ្នាក់ងារសារព័ត៌មានចំនួន៣ស្ថាប័ន បានចុះទៅសួរនាំផ្ទះប្រជាពលរដ្ឋរងគ្រោះ ទី១. ឈ្មោះ អ៊ុក ទូច ភ្នាក់ងារកាសែតកម្ពុជាអភិវឌ្ឍន៍ រស់នៅភូមិខាងលើ ទី២. ឈ្មោះ អៀង សារ៉ូន្នីយ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជាភ្នាក់ងារសារព័ត៌ មានទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងទី៣. ឈ្មោះ ឡោ សុខហៃ ភេទប្រុស អាយុ៤៥ឆ្នាំ ជាភ្នាក់ងារសារព័ត៌មានទូរទស្សន៍ប៉ុស្តិ៍អប្សរា ទាំងពីរនាក់រស់នៅក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា លុះភ្នាក់ងារសារព័ត៌មានចំនួនពីរស្ថាប័នបានត្រឡប់ទៅផ្ទះវិញ ស្រាប់តែជនសង្ស័យរូបនោះ បានស្ពាយកាំភ្លើង ជិះម៉ូតូចូលទៅក្នុងផ្ទះជនរងគ្រោះ រួចភ្ជង់គម្រាមបាញ់សម្លាប់ បង្កឱ្យមានការភ័យរន្ធត់ រួចរត់ទៅគៀកជាប់ សម្របសម្រួលតែម្តង ។
ចំណែកលោក អ៊ុក ទូច ភ្នាក់ងារសារព័ត៌មានខាងលើ បានរៀបរាប់ទាំងក្តីព្រួយបារម្ភ ចំពោះសុវត្ថិភាពអ្នកសារព័ត៌មានឱ្យដឹងថា បន្ទាប់ពីមន្ត្រីនគរបាលម្នាក់ បានយកកាំភ្លើងទៅភ្ជង់ប៉ងបាញ់សម្លាប់លោក នៅល្ងាចថ្ងៃដដែលរួចមក ខាងលោកបានទូរស័ព្ទទៅលោក ញ៉ឹក ថុល អធិការនគរបាលស្រុកសាលាក្រៅដែរ តែលោកសុំសម្រួលគ្នា ហើយខាងលោក អ៊ុក ទូច ក៏ប្រាប់ថា ទុកឱ្យច្បាប់ជាអ្នកដោះស្រាយ។
ចំណែកភ្នាក់ងារសារព័ត៌មាន២នាក់ទៀត កំពុងរង់ចាំមើលថា តើជនសង្ស័យខាងលើរួចខ្លួនដែរ ឬយ៉ាងណា ខណៈមានកាំភ្លើងសម្រាប់ការពារប្រជាពលរដ្ឋ បែរជាយកទៅបាញ់បោះសេរី ចូលផ្ទះគេឯង លុះពេលសួរនាំបែរជាគម្រាមសម្លាប់ទៅវិញ។
គួររលឹកថា កាលពីកន្លងទៅថ្មីនេះ មានករណីមន្ត្រីសមត្ថកិច្ច នគរបាលស្នងការខេត្តចំនួនពីរនាក់ បានបាញ់បោះសេរីផងដែរ នៅក្នុងហាងសម្រស់ជាយក្រុង ហើយត្រូវបានថ្នាក់លើបញ្ឈរជើង និងដកឋានន្តរស័ក្តិផងដែរ ។ តែពួកគេមិនដល់ថ្នាក់ជាប់គុក ឬច្រវាក់អ្វីនោះឡើយ ។ ប៉ុន្តែចាំមើលមន្ត្រីនគរបាល ដែលគម្រាមប៉ងបាញ់សម្លាប់ ភ្នាក់ងារសារព័ត៌មានឆៅៗបែបនេះ នឹងក្លាយទៅជាយ៉ាងណាវិញ?៕