(គូឡាឡាំពួរ)៖ សាលារៀនទាំងអស់នៅក្នុងស្រុក Perlis, Jerantut និង Temerloh ក្នុងរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី ចំនួន ២៥៩កន្លែង ត្រូវបានអាជ្ញាធរបញ្ជាឲ្យបិទទ្វារជាបណ្តោះអាសន្ន ព្រោះតែរលកកម្តៅ El Nino នាពេលនេះ ហាក់នៅតែអាក្រក់ខ្លាំងឡើង ដែលវាអាចអូសបន្លាយ រយៈពេលប៉ុន្មានសប្តាហ៍ទៅមុខទៀត។ នេះបើតាមការមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ ២០១៦។
ក្រសួងអប់រំម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយតាំងពីថ្ងៃអាទិត្យមកម្ល៉េះ អំពីការបិទសាលារៀន ទាំងអស់ខាងលើនេះជាបណ្តោះអាសន្ន ដើម្បីការពារដល់សុខុមាលភាពរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សគ្រប់កម្រិតសិក្សា ចំនួន៩៧,៥៣៣នាក់។
គួរបញ្ជាក់ផងដែរថា តំបន់មួយចំនួននៃរដ្ឋ Pahang សីតុណ្ហភាពបានកើនឡើងខ្ពស់បំផុត ៣៧អង្សាសេ អស់រយៈពេល ៧២ម៉ោងកន្លងមកហើយ ដែលវាកំពុងបង្កជាគ្រោះរាំងស្ងួតកាន់តែខ្លាំង ប៉ុន្តែគេនៅពុំ ទាន់ទទួលបានរបាយការណ៍ណាមួយពីមនុស្សរងគ្រោះដល់អាយុជីវិត ដូចនៅប្រទេសឥណ្ឌានោះទេ៕