(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភថា ប្រសិនបើទឹកទន្លេមេគង្គនៅតែបន្តរីងស្ងួត ហើយកាន់តែទាបទៅ ទឹកប្រៃអាចនឹងហូរមកដល់អ្នកលឿង ដែលអាចបង្កគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ។
នៅក្នុងពិធីកាត់ឬសីមាព្រះវិហារ នៅវត្តពានរោង ក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ បានថ្លែងថា ព្រោះតែការរីងស្ងួតទឹកក្នុងទន្លេមេគង្គនេះ បានធ្វើឲ្យទឹកសមុទ្រហូរចូលទឹកដីវៀតណាម ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រទៅហើយ។
សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនទឹកទន្លេមេគង្គនៅតែបន្តរីងស្ងួតទឹកប្រៃ អាចហូរចូលមកដល់អ្នកលឿង ក្នុងដែនដីរបស់កម្ពុជា។ សម្តេចតេជោ បញ្ជាក់ថាដូច្នេះ «ព្រោះអីចេះ បើកាលណាទឹកទន្លេមេគង្គយើងមិនខ្ពស់ អាទឹកសមុទ្រនោះវាជោរ។ ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ព្រួយបារម្ភថា បើទឹកឆ្លងកាត់សមុទ្រ ១០០ម៉ែត្រ ពីវៀតណាមមកហើយនោះ ហើយបើទឹកនេះ វាធ្លាក់យឺតទឹកប្រៃអាចនឹងឡើងមកដល់អ្នកលឿងរបស់យើងក៏ថាបាន ពេលនោះជាមហន្តរាយមួយ ដែលពាក់ព័ន្ធនិងការបម្រែបម្រួលអាកាសធាតុ នៅក្នុងពិភពលោកទាំងមូល មិនមែនតែកម្ពុជាដាច់ដោយឡែកនោះទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា នៅក្នុងឱកាសអញ្ជើញទៅចូលរួមវេទិកាសហប្រតិបត្តិការទន្លេមេគង្គ និងទន្លេឡានឆាងរបស់ចិន កាលពីខែកន្លងទៅនេះ សម្តេចបានស្នើចិន បន្តបើកទឹកពីទ្លេឡានឆាង ចូលមកទន្លេមេគង្គ ហើយសម្តេចក៏បានស្នើប្រទេសដងទន្លេមេគង្គផ្នែកខាងលើ ដូចជាមីយ៉ាន់ម៉ា ថៃ ឡាវ ឲ្យបិទទឹកនេះយកប្រើប្រាស់ច្រើនពេក ត្រូវទម្លាក់មកប្រទេសខាងក្រោមដូចជាកម្ពុជា និងវៀតណាមប្រើប្រាស់ផងដែរ៕