(ភ្នំពេញ)៖ លោក ជឹម ឫទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថ របស់លោក បានបើកប្រតិបត្តិការក្រុមចែកចាយ ប្រើប្រាស់គ្រឿងញៀន ចោរកម្ម និងទទួលផលចោរកម្ម យ៉ាងសកម្មចំនួន៦នាក់ ជាបន្តបន្ទាប់ នៅចំណុចផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងនៅតំបន់ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលតែងតែធ្វើសកម្មភាពជាច្រើន ករណីនាពេលកន្លងទៅ។

លោកមេបញ្ជាការបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន ទី១ឈ្មោះ អុង តុង អាយុ២៧ឆ្នាំ ទី២ឈ្មោះ ខេង ចាន់ដេត អាយុ២៣ឆ្នាំ និងទី៣ឈ្មោះ នៅ ចំរើន ហៅហ៊ុប អាយុ២៥ឆ្នាំ ដែលជននេះទើបចេញពីពន្ធនាគា និងជាអ្នកប្រព្រឹត្តផ្ទាល់ក្នុងអំពើរចោរកម្ម។

ក្រោយការចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតម៉ូតូ២គ្រឿង ម្សៅក្រាមសរថ្លា សង្ស័យសារធាតុញៀន ចំនួន១៩កញ្ចប់ ជញ្ជីងថ្លឹង ថ្នាំញៀន១ ស្លាកលេខម៉ូតូ៨ ស្លាកលេខឡាន២កាតគ្រីម៉ូតូ៥ ដែកសម្រាប់កាច់កម៉ូតូ៥ សោរសម្រាប់កែឆ្នៃម៉ូតូ មួយចំនួនធំថង់ច្រក ថ្នាំញៀនមួយចំនួនធំប្រាក់ខ្មែរចំនួន ២៥០.០០០រៀល និងដបជក់ថ្នាំញៀន២ផងដែរ។

លោក ជឹម ឫទ្ធី បានបញ្ជាក់ទៀតថា វេលាម៉ោង២៖៤០ រសៀលថ្ងៃទី១០ ខែមេសា នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យើងឈានដល់ការឃាត់ខ្លួនបក្ខពួកចំនួន ៣នាក់បន្ថែមទៀតពីបទទទួលផលចោរកម្ម។

ជនសង្ស័យទាំង៣នាក់រួមមាន ១.ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៩ឆ្នាំ (ម្ចាស់ផ្ទះ) ២.ឈ្មោះ តាំង សុខពិច ភេទប្រុស អាយុ២៨ឆ្នាំ។
៣.ឈ្មោះ ជា សំណាង ហៅកៃ ភេទប្រុស អាយុ២៦ឆ្នាំ។

វត្ថុតាងចាប់យក ម៉ូតូ៥គ្រឿង (C125ចំនួន១សង់កូរ៉េចំនួន១ Cubចំនួន១ Nexចំនួន១ Scopyចំនួន១) ស្លាកលេខម៉ូតូចំនួន២ សម្រាប់ដាប់ កែច្នៃលេខតួលេខ ម៉ាស៊ីនចំនួន៣ ប្រដាប់កឹបស្លាកលេខចំនួន១ រានម៉ូតូ៨ កន្ទ្រកម៉ូតូ៥ កន្ទុយម៉ូតូ១ ក្បាំងម៉ូតូ២ ដបជក់គ្រឿងញៀន១ ក្រាមសថ្លា១កញ្ចប់តូច។

មេបញ្ជាការអាវុធហត្ថរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែល បានបាត់ម៉ូតូ សូមអញ្ជើញទៅដាក់ពាក្យបណ្តឹង នៅទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យមើលម៉ូតូរបស់ខ្លួន៕