(ប៊ែកឡាំង)៖ ក្រុមឧទ្ទាម ISIS បាននិងកំពុងតែសំឡឹងមើលទីក្រុងមួយចំនួននៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជាគោលដៅសម្រាប់វាយប្រហារនាពេលអនាគត នេះបើយោងតាមរបាយការណ៍របស់ក្រុមស៊ើបការណ៍សម្ងាត់របស់អាល្លឺម៉ង់ បានព្រមានដល់រដ្ឋាភិបាលឲ្យមានការប្រុងប្រយ័ត្ន។
សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី១១ ខែមេសានេះថា ក្រុមឧទ្ទាម ISIS នឹងធ្វើការវាយប្រហារតំបន់ណាមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលតំបន់នោះអាចជាទីប្រជុំជន ឬកន្លែងសំខាន់ ដែលនឹងធ្វើឲ្យអាល្លឺម៉ង់មានវិប្បដិសារី។ ចំណែកប្រធានសន្ដិសុខជាតិអាល្លឺម៉ង់ក៏បានបញ្ជាក់ឲ្យដឹងដែរថា អាកាសយានដ្ឋាន និងចំណតរថភ្លើងក្រោមដីគឺជាគោលដៅធំរបស់ក្រុម ISIS ព្រោះទីកន្លែងទាំងនោះសម្បូរដោយមនុស្សកុះករ។
នៅថ្ងៃអាទិត្យម្សិលមិញនេះ សារព័ត៌មានក្នុងស្រុកអាល្លឺម៉ង់ បានចេញផ្សាយថា ជនជាតិអាល្លឺម៉ង់ ប្រមាណ ៨០០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីចូលរួមជាក្រុម ISIS ហើយក្នុងនោះមានប្រមាណ ១៥០នាក់បានត្រឡប់មកវិញ ដើម្បីអនុវត្តទៅតាមបញ្ជា៕