រដ្ឋសភា កំពុងរង់ចាំការបំភ្លឺពីក្រសួងយុត្តិធម៌ និងតុលាការ ជុំវិញការចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្ត CNRP
11-04-2016 10:21
(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋសភា បានប្រាប់ Fresh News ឱ្យដឹងថា រដ្ឋសភាពេលនេះ មិនទាន់ទទួលបានសេចក្តីបំភ្លឺ ឬរាយការណ៍ពីតុលាការ និងក្រសួងយុត្តិធម៌ នៅឡើយទេ ជុំវិញការចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ហើយថា រដ្ឋសភាកំពុងរង់ចាំពិនិត្យមើលការបំភ្លឺនោះ។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា នៅពេលដែលមានការបំភ្លឺពីរាជរដ្ឋាភិបាល និងតុលាការ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងដាក់ជូនគណៈអចិន្រ្តៃយ៍នៃរដ្ឋសភា ហើយថាតាមនីតិវិធី បើសិនជាមានការឃាត់ខ្លួនតំណាងរាស្រ្ត ទៅតាមបទល្មើសជាក់ស្តែងនោះ រដ្ឋសភានឹងកោះប្រជុំជាបន្ទាន់មួយ។
សូមជំរាបថា លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីម្សិលមិញ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ច បានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ៕