(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅមុននេះបន្តិចថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង មួយរូបទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់ឲ្យយោធានោះ បានរត់ភៀសខ្លួនមកកាន់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។
លោក Moon Sang-gyun អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា «វាជាការពិត។ ប៉ុន្តែយើងមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ជុំវិញរឿងនេះ»។
គួរបញ្ជាក់ថា សារព័ត៌មានយុនហាប់ របស់កូរ៉ខាងត្បូងក៏ធ្លាប់បានចុះផ្សាយម្តងដែរ អំពីការរត់ភៀសខ្លួន របស់ឧត្តមសេនីយ៍កូរ៉េខាងជើងមួយរូបមកកាន់កូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៥ ប៉ុន្តែគេពុំបានបញ្ជាក់ ប្រភពព័ត៌មានច្បាស់លាស់នោះទេ។ យ៉ាងណាក៏ដោយគេនឹងរង់ចាំមើលព័ត៌មានលម្អិតបន្ថែមទៀត៕