(ម៉ាសេដូនៀ)៖ កងកម្លាំងប្រទេសម៉ាសេដូនៀ ចំនួន២៣នាក់ បានទទួលរងរបួសបន្ទាប់ពីបានប៉ះទង្គិច គ្នាជាមួយនឹងក្រុមជនភៀសខ្លួន ដែលព្យាយាមសម្រុកចូលទឹកប្រទេសអឺរ៉ុបមួយនេះ ដោយសារតែការ គេចចេញពីភាពកកស្ទះ និងយឺតយ៉ាវនៅប្រទេសក្រិក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។
ក្រសួងមហាផ្ទៃម៉ាសេដូនៀ បានបញ្ជាក់ថា កម្លាំងប៉ូលិសសរុប ១៤នាក់ និងទាហាន ០៩នាក់បានទទួល រងរបួស ហើយរថយន្តប៉ូលិសបីគ្រឿង និងរថពាសដែកយោធាប្រាំគ្រឿង ក៏បានទទួលរងការបំផ្លិច បំផ្លាញដោយសារតែអំពើហិង្សារវាងសមត្ថកិច្ចនិងជនភៀសខ្លួននោះផងដែរ។ ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និង កាណុងបាញ់ទឹក ដើម្បីបញ្ឈប់សកម្មភាពតវ៉ា ហើយក្រោយមកទៀតសន្តិសុខ នៅតាមព្រំដែនម៉ាសេដូនៀ ត្រូវបានរឹតបន្តឹងខ្ពស់បំផុត។
គួរបញ្ជាក់ថាជនភៀសខ្លួនទាំងនោះភាគច្រើនមកពីប្រទេសស៊ីរី ហើយពីដំបូងពួកគេបានស្នាក់នៅ ជម្រកបណ្តោះអាសន្នក្នុងតំបន់ Idomeni នៃប្រទេសក្រិក។ សរុបជនភៀសខ្លួនដែលបានសម្រុកចូល ប្រទេសម៉ាសេដូនៀ ដើម្បីសុំសិទ្ធិជ្រកកោណបណ្តោះអាសន្ននោះមានចំនួនជាង ៣,០០០នាក់ ហើយការប៉ះទង្គិចគ្នាវិញបានកើតឡើងនៅយប់ថ្ងៃអាទិត្យ៕