(ភ្នំពេញ)៖ គិតត្រឹមម៉ោង៨៖០០នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ តំណាងរាស្រ្តលោក អ៊ុំ សំអាន កំពុងត្រូវបានមន្រ្តីសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ បន្តសាកសួរ បន្ទាប់ពីបានចាប់ខ្លួនដោយកម្លាំងសមត្ថកិច្ច នៅលើទឹកដីខេត្តសៀមរាប នាវេលាម៉ោងប្រមាណជាង១២យប់រំលងអាធ្រាត ហើយបានបញ្ជូនមកដល់ក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ៧ព្រឹកថ្ងៃនេះ ។ នេះបើតាមមន្រ្តីសមត្ថកិច្ចក្រសួងមហាផ្ទៃបានថ្លែងប្រាប់ Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
សមត្ថកិច្ចជាន់ខ្ពស់បានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។
សូមជំរាបថា លោក អ៊ុំ សំអាន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានចាកចេញទៅអាមេរិក កាលពីពាក់កណ្តាលឆ្នាំ២០១៥។ លោក អ៊ុំ សំអាន នាពេលកន្លងទៅបានបង្ហោះផែនទីរបស់កម្ពុជាច្រើនសន្លឹក នៅលើ Facebook សុទ្ធសឹងតែ ផែនទីក្លែងក្លាយ ក្នុងគោលបំណង ដើម្បីបង្កភាពចលាចលនៅក្នុងសង្គមកម្ពុជា ហើយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ លោក អ៊ុំ សំអាន តំណាងរាស្រ្តខេត្តសៀមរាប ត្រូវបានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដាក់ទណ្ឌកម្មវិន័យមួយចំនួន បន្ទាប់ពីសកម្មភាព ផ្សាយតាមបណ្តាញព័ត៌មានសង្គម ប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋសភា និងការជេរប្រមាថមើលងាយប្រធានរដ្ឋសភា ដែលផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
គួររំលឹកថា លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៥ ហើយលោកត្រូវបានសាលាដំបូង សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ ចំនួន៣ករណីរួមមាន បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម៕