(ភ្នំពេញ)៖ ដើម្បីបង្ខិតសេវាឲ្យកាន់តែទៅជិតប្រជាពលរដ្ឋ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹក ជញ្ជូន បានបង្ហាញផែនការបង្កើតកន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្ត ដែលគេនិយមហៅថា ឈៀករថយន្តឲ្យកាន់តែច្រើនកន្លែង ហើយក៏គ្រោងដាក់ឲ្យដំណើរការសុំប័ណ្ណបើកបរតាមអនឡាញ និង អនុញ្ញាតឲ្យមន្ទីរទាំងអស់អាចបោះប័ណ្ណនេះផងដែរ។
ការបង្ហាញពីកំណែទម្រង់ និង នីតិវិធីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួលនេះ បានធ្វើឡើងក្នុងពេលដែលលោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំមន្រ្តីដោយផ្ទាល់ចុះបើកការដ្ឋានអ៊ុតកៅស៊ូនៅលើស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា- ជប៉ុន) នៅម៉ោងប្រមាណ ១០៖៣០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីលេចធ្លោលើការធ្វើកំណែទម្រង់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៥រូបនេះ បានថ្លែងឲ្យដឹង ថា កាលពីពេលថ្មីៗនេះ ក្រសួងបានពិភាក្សាពីការផ្តល់ប័ណ្ណបើកបរ ការផ្តល់ប័ណ្ណសម្គាល់យានយន្ត ការឈៀករថយន្តជាដើម។ លោក ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្រោយចូលឆ្នាំនេះ ក្រសួងនឹងចេញសេចក្តីប្រកាសមួយស្តីពីការដូរនីតិវិធីមួយចំនួន ដើម្បីកាត់បន្ថយ ពេលវេលាក្នុងការផ្តល់ប័ណ្ណបើកបរ ផ្តល់ប័ណ្ណសម្គាល់យានយន្ត និងការឈៀករថយន្ត។
លោករដ្ឋមន្រ្តីក្រសួងសាធារណការ ដែលទើបចូលកាន់តំណែងបានប្រមាណ ៤ថ្ងៃរូបនេះបានបញ្ជាក់ថា «យើងបានសម្រេចថា យើង មិនឲ្យបងប្អូនប្រជាពលរដ្ឋរតនគិរីយកឡានមកឈៀកនៅភ្នំពេញ ឬនៅកំពង់ចាមនោះទេ យើងត្រូវបង្កើតកន្លែងឈៀកឡានឲ្យ កាន់តែនៅជិតផ្ទះរបស់ពួកគាត់ នេះជាដំណាក់កាលទី១។ ដំណាក់កាលទី២ ការផ្តល់ប័ណ្ណបើកបរ ការផ្តល់ប័ណ្ណបើកបរនេះ សំខាន់បំផុត តាមប្រព័ន្ធអនឡាញតែម្តងវាលឿនជាង កុំឲ្យធ្វើតាមដៃ យើងរៀបចំឲ្យបញ្ជូនព័ត៌មានមកយើងតាមអនឡាញ ហើយយើងបញ្ជូនព័ត៌ មានទៅវិញតាមអនឡាញ ហើយអាចបោះប័ណ្ណបើកបរនេះនៅតាមមន្ទីរទាំងអស់ មិនបាច់បោះនៅភ្នំពេញ ហើយបញ្ជូនទៅវិញទេ»។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការបង្ខិតសេវាឲ្យកាន់តែទៅជិតប្រជាពលរដ្ឋ និងការបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ គឺជា គោលបំណងធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ជាការបំណងរបស់ក្រសួងសាធារណ ការ និង ដឹកជញ្ជូនផងដែរ៕
លោក ស៊ុន ចាន់ថុល គ្រោងដាក់សេវាផ្តល់ប័ណ្ណបើកបរតាមអនឡាញ និង បោះពុម្ពប័ណ្ណនៅតាមមន្ទីរ
Posted by Fresh News on Sunday, April 10, 2016