(ត្បូងឃ្មុំ)៖ លោក ស្លេះ ពុនយ៉ាម៉ីន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានគណៈចលនាសាសនិកអ៉ីស្លាម ខេត្តកំពង់ចាម តំណាងលោក អូស្មាន ហាហ្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកអ៉ីស្លាម របស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបង្រៀនខ្មែរឥស្លាមនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយបាននាំនូវថវិកាចំនួន១៣,២០០ដុល្លារ សម្រាប់ឧបត្ថមដល់ការកសាងទីចាត់ការគណៈអ៉ីម៉ាំស្រុក និងសម្រាប់ជួសជុល វិហារ និងសូរ៉ាវមួយចំនួនក្នុងខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ូត យូសុះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ, លោក តាន់ តាឡាន់ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម, លោក សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ឡិប រ៉ាវី សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម, លោក ស្លេះអ៉ី សា នាយកគ្រប់គ្រងគ្រូបង្រៀនខ្មែរឥស្លាមខេត្តកំពង់ចាម, លោក យ៉ា ហ្សាលី អ៉ីម៉ាំស្រុកតំបែរ និងគ្រូបង្រៀនខ្មែរឥស្លាមជាច្រើនរូបផងដែរ។

លោក ស្លេះ ពុនយ៉ាម៉ីន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកកូនចៅ ទៅទទួលវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ១៩ និងរក្សាអម័យខ្ពស់ក្នុងការរស់នៅតាមបែបគន្លងថ្មី ដើម្បីជៀសផុតពីមេរោគឆ្លង។

បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវម្ចាស់ការ និងប្រាកដថាខ្លួនពិតជាមានឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឬចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលាបានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕