(ព្រៃវែង)៖ ក្មេងស្រីម្នាក់ត្រូវជនមិនស្គាល់មុខ ចាប់រំលោភវាយសម្លាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពនៅម៉ោង១៥៖៣០នាទី នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទឹកស្រែមួយកន្លែងស្ថិតក្នុងភូមិទួលជៃ ឃុំព្រះស្ដេច ខេត្តព្រៃវែង។

សមត្ថកិច្ចស្រុកព្រះស្ដេចបានឲ្យដឹងថា ដោយបានទទួលពាក្យបណ្តឹងពីឈ្មោះ សួន ម៉ៃ ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិទួលជៃ ឃុំព្រះស្ដេច គឺគាត់បានប្រទះឃើញសាកសពកូនរបស់គាត់ ឈ្មោះផល ផានិត ភេទស្រីអាយុ១២ឆ្នាំ នៅចំណុចក្នុងទឹកជំរៅ ០.៧ម៉ែត្រ ខាងកើតចំងាយ៣០០ម៉ែត្រ ពីប៉ុស្តិ៍កាដូង នៅភូមិទួលជៃ ឃុំព្រះស្ដេច ដែលបានបាត់ខ្លួននៅវេលាម៉ោង២២៖៣០នាទីយប់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងនគរបាល និងក្រុមគ្រូពេទ្យចុះដល់កន្លែងកើតហេតុពិនិត្យលើសាកសព បានបាក់ឆ្អឹងក, ដាច់រលាត់ស្បែកកំភួនដៃស្តាំមួយកន្លែង, ដាច់រលាត់ស្បែកលើក្បាលជង្គង់ឆ្វេងមួយកន្លែង និងមានស្នាមដាច់រយះប្រដាប់ភេទ ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងស្រីរងគ្រោះ ស្លាប់ដោយសារ រំលោភសំលាប់ ។

សូមបញ្ជាក់ថា បច្ចុប្បន្នសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យនៅក្នុងអំពើរំលោភសម្លាប់នេះសមត្ថកិច្ចកំពុងតែដុតដៃដុតជើងដើម្បីស្រាវជ្រាវចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕