(ប៉ៃលិន)៖ កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ចំនួន២៩០នាក់ ទទួលបានអំណោយសម្ភារៈ និងថវិកាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកស្រី បាន ស្រីមុំ អ៊ី ឈាន អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អមដំណើរដោយប្រតិភូ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនបងប្អូនកងកម្លាំងនគរបាលកងវរៈសេនាតូច ការពារព្រំដែនគោកលេខ៨២១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅទីបញ្ជាការកងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២១ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំណុចអូរអែម ក្នុងភូមិបហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្នុងឱកាសនោះលោកស្រី បាន ស្រីមុំ បានមានប្រសាសន៍បណ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីឯកឧត្តម អ៊ី ឈាន ជាពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះបងប្អូនកងកម្លាំងនគរបាលយើងទាំងអស់ ដែលកន្លងមកសម្តេចតែងតែគិតគូរ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនយើងជាប់ជាប្រចាំ។
លោកស្រីបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងនេះសូមឲ្យកងកម្លាំងយើងទាំងអស់មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ បំពេញភារកិច្ច ការពារបូរណៈទឹកដី ការពារសន្តិសុខសណ្តាប់ធា្នប់ជូនប្រជាពលរដ្ឋរស់នៅបានសុខក្សេមក្សាន្ត ទន្ទឹមនិងនេះកងកម្លាំងយើងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានជំហរមុតមាំ ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង ជៀសវាងការឈ្លានពានពីប្រទេសជិតខាង ជាពិសេសកងកម្លាំងការពារព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធា្នប់ នៅតាមបណ្តោយព្រំដែនបានល្អ ធ្វើយ៉ាងណាឲ្យព្រំដែនមានសុខសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ។
ក្នុងឱកាសនោះដែរលោកស្រី បានកោតសរសើរចំពោះស្នងការនគរបាលខេត្ត ដែលបានរៀបចំ និងកែលម្អអង្គភាព មានការរីកចម្រើន គួរឲ្យកត់សម្គាល់ ហើយលោកស្រីក៏សូមអំពាវនាវផងដែរ សូមកងកម្លាំងនគរបាលយើង ត្រូវមានសាមគ្គីភាពរឹងមាំ រក្សាសេចក្តីថ្លៃថ្នូរ គោរពតួនាទីភារកិច្ច បម្រើ និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីជាទំនុកចិត្ត និងជាទីគោរពស្រលាញ់ ពីប្រជាពលរដ្ឋយើង ។
អំណោយដែលបានផ្តល់ជូននាពេលនេះ រួមមាន៖ អង្ករ១តោន ត្រីងៀត៣០គីឡូ, សាច់ក្រក៣០គីឡូ, ទឹករបរិសុទ្ឌវីតាល់១០០កេស, ទឹកក្រូចកំប៉ុង ៤០កេស, ស្រាបៀ៤០កេស និងថវិកា ចំនួន ៤,០០០,០០០ រៀល ដើម្បីតំកល់ទុកក្នុងអង្គភាពក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ចំពោះកងកម្លាំងចំនួន ២៩០នាក់ ក្នុងម្នាក់ៗទទួលបាន មី ១កេស ត្រីខ ១យួរថវិកា ៥ម៉ឺនរៀល , ភ្ជាប់ជាមួយនោះដែរ មានការស្នើសុំ ពីលោកមេបញ្ជាការ នូវអណ្តូងទឹកចំនួន ៧កន្លែង ធុងទឹកចំណុះ២០០០លីត្រ ចំនួន៦ វិទ្យុទាក់ទង៤៥គ្រឿង លោកជំទាវ ក៏បានដោះស្រាយជូនភ្លាមៗតាមការស្នើសុំ ដើម្បីជួយសម្រួលកង្វះខាតទឹកប្រើប្រាស់ និងទំនាក់ទំនងផងដែរ៕