(ភ្នំពេញ)៖ ផ្ដើមចេញពីការលើកឡើងអំពីបញ្ហាដីធ្លី និងការអភិវឌ្ឍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ថា ប្រវត្តិនៃការអភិវឌ្ឍប្រទេសជាតិតែងតែធ្វើឱ្យដីឡើងថ្លៃ ហើយដីឡើងថ្លៃក៏តែងនាំឱ្យមានបញ្ហាទំនាស់ដីធ្លី តួយ៉ាងនៅសម័យសង្គមរាស្ត្រនិយម ដោយសារតែដីឡើងថ្លៃ ក៏មានមន្ត្រីជាន់ខ្ពស់មួយចំនួនកើតមានរឿងអាស្រូវឈ្មោះ ហេតុតែចង់បានដីដែលជាសម្បត្តិរបស់រដ្ឋយកមកទុកជាសម្បត្តិផ្ទាល់ខ្លួន។
សម្ដេចតេជោបានរំឭកឱ្យដឹងថា នៅសម័យសង្គមរាស្ត្រនិយម ប្រទេសជាតិមានការអភិវឌ្ឍ ម្ល៉ោះហើយ អ្នកតំណាងរាស្ត្រ មន្ត្រីក្រសួង មន្ត្រីរាជការនៅភ្នំពេញ បាននាំគ្នាសម្រុកស្នើសុំដីធ្លីសម្រាប់ទុកជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន ហើយថែមទាំងកើតមានអំពើពុករលួយយកដីប្រជាពលរដ្ឋនៅស្រុកខ្លះ ជាហេតុបង្កបញ្ហាមិនតិចនោះឡើយដល់រដ្ឋាភិបាល និងប្រជាជន។
បន្តពីការលើកឡើងខាងលើ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អ៉ិន តាំ, ហឿ ឡៃអ៉ីន ខូចជាងគេទាំងអស់! ចេង ហេង, សិរីមតៈ ក៏ខូចដែរ»។ សម្ដេចបានបន្តថា ពួកមន្ត្រីទាំងនេះគឺសុទ្ធតែមានចម្ការកៅស៊ូ និងដីធ្លីរាប់រយហិកតា។
ករណីធំមួយទៀតដែលប៉ះពាល់ដល់សន្តិសុខជាតិស្ទើរមួយចំហៀងប្រទេស គឺនៅពេលធ្វើផ្លូវទៅស្រុកសំឡូត ពួកមន្ត្រីពុករលួយទាំងនោះមិនសូវប្រគល់ដីធ្លីជូនប្រជាពលរដ្ឋមូលដ្ឋាននោះឡើយ តែបែរជាប្រគល់ឱ្យទៅមន្ត្រីដែលជាបក្ខពួកគ្នាឯង ធ្វើឱ្យប្រជាជនមានការមិនសុខចិត្តលើកគ្នាតវ៉ាទាមទារសុំដីធ្លី រហូតដល់កើតមានចនាចលប្រឈមមុខដាក់គ្នា។ ដើម្បីបង្ក្រាបភាពចលាចលនេះ ពួកមន្ត្រីក្បត់រាស្ត្រទាំងនោះបានយកកម្លាំងកងទ័ពទៅបង្ក្រាបយ៉ាងព្រៃផ្សៃថែមទៀត។ ប្រការនេះហើយដែលបំផុសទឹកចិត្តប្រជាជនឱ្យចូលរួមជាមួយក្រុមខ្មែរក្រហមក្នុងព្រៃ ដើម្បីបះបោរប្រឆាំងនឹងរដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានរិះគន់បន្តថា ទង្វើមិនល្អរបស់មន្ត្រីទាំងនោះ គឺជាការបង្កើតនូវបញ្ហាដ៏ច្រើនអនេកដល់រដ្ឋាភិបាលសង្គមរាស្ត្រនិយម ក៏ដូចជាបង្កើតបញ្ហាដល់សម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលជាប្រមុខដឹកនាំសង្គមរាស្ត្រនិយមនាសម័យនោះ។
សម្ដេចតេជោបានដឹងរឿងរ៉ាវនេះច្បាស់ ក៏ដោយសារមានសាច់សារហោហិតត្រកូលហ៊ុនម្នាក់ដែលរៀបការជាមួយក្មួយរបស់ អ៉ិន តាំ ហើយបច្ចុប្បន្នរស់នៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានប្រាប់សម្ដេចអំពីរឿងនេះទាំងអស់។ គាត់បានប្រាប់សម្ដេចតេជោបន្តទៀតថា កាលពី អ៉ិន តាំ ទៅធ្វើជាចៅហ្វាយខេត្តបាត់ដំបង អ៉ិន តាំ បានច្បាមយកដីដល់ទៅ៤០០ហិកតានៅខេត្តនោះ។ សម្ដេចក៏លាន់មាត់ថា «ទេ...! តាតាំ ទៅត្នាមានដីនៅត្នុង!»។
សម្ដេចតេជោនាយករដ្ឋមន្ត្របានទាញសេចក្ដីពន្យល់ថា រឿងទំនាស់បញ្ហាដីធ្លីនេះមិនមែនទើបតែកើតមានក្នុងពេលសម្ដេចដឹកនាំប្រទេសកម្ពុជានេះនោះឡើយ ពោលគឺធ្លាប់កើតមានតាំងពីដើមមកម្ល៉េះ តួយ៉ាងដូចជាក្នុងសម័យសង្គមរាស្ត្រនិយមជាដើម។
សូមជម្រាបថា ការពន្យល់អំពីប្រវត្តិបញ្ហាដីធ្លី និងការអភិវឌ្ឍខាងលើនេះ ត្រូវបានធ្វើឡើងនាឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១៕