(ភ្នំពេញ)៖ ដើម្បីជំរុញចំណេះដឹងក្នុងផ្នែកបរធនបាលកិច្ច, និយ័តករបរធនបាលកិច្ច បានរៀបចំនូវអត្ថបទថ្មីមួយទៀត ដែលពន្យល់ពីការធ្វើអភិបាលកិច្ច ក្នុងវិស័យបរធនបាលកិច្ច។
និយ័តករបរធនបាលកិច្ចបានពន្យល់ទាំងស្រុងយ៉ាងដូច្នេះថា៖
អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ) មានសិទ្ធិចាត់តាំងមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ដើម្បីតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ស្តីពីបរធនបាលកិច្ច។
មន្ត្រីអធិការកិច្ចបរធនបាលកិច្ចមានសិទ្ធិធ្វើអធិការកិច្ចលើបរធនបាលកិច្ចនិងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ ន.ប.ធ. ។ មន្ត្រីអធិការកិច្ចបរធនបាលកិច្ចមានសិទ្ធិតាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីអធិការកិច្ចបរធនបាលកិច្ច ទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ឱ្យពិនិត្យបទល្មើស ដែលមានចែងក្នុងច្បាប់ស្តីពីបរធនបាលកិច្ច ដោយអនុវត្តឱ្យស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ បែបបទនិងនីតិវិធីនៃការផ្តល់នីតិសម្បទា ចំពោះមន្ត្រីអធិការកិច្ចបរធនបាល។ កិច្ចត្រូវកំណត់ដោយប្រកាស អន្តរក្រសួង របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តាមសំណើរបស់ន.ប.ធ. (ច្បាប់ស្តីពីបរធនបាលកិច្ច ២០១៩, ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ២០២១, អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២១)៕