(ស្ទឹងត្រែង)៖ អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ដើម្បីស្រាវជ្រាវតាមចាប់អ្នកទោសទាំងនេះមកវិញ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា អ្នកទោសទាំងនេះ បានវៃទម្លុះជញ្ជាំងគុក រួចរត់គេចខ្លួនតែម្តង ហើយពួកគេទាំងនេះ មានទោសភាគច្រើនជាមួយគ្រឿងញៀន។
សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា នាវេលាទៀបភ្លឺខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន បានប្រើប្រាស់អាវុធបាញ់ចំនួន៤គ្រាប់ដើម្បីគម្រាមបញ្ឈប់ សកម្មភាពរត់គេចតែមិនអាចរារាំងបាន។
តាមការពិនត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ក្នើយភួយ ដើម្បីខ្ទប់វាយមិនអោយលឺសំលេង។
លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងអោយដឹងថា ក្នុងចំណោមអ្នកទោស៧នាក់មានម្នាក់ត្រូវកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិតក្នុងករណីជួញដូរគ្រឿងញៀន និង៦នាក់ទៀតជាប់ទោសស្រាល។
លោកថា ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស៕