(ភ្នំពេញ)៖ នៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែមេសានេះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលទើបនឹងផ្លាស់មកដឹកនាំ នៅក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងដឹកនាំក្រុមការងារផ្ទាល់ ចុះធ្វើការជួសជុលអ៊ុតកៅស៊ូ លើកម្រាលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ លើស្ពានឲ្យមានភាពងាយស្រួលដល់។
ក្នុងការចុះពិនិត្យនោះដែរ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ការងារអ៊ុតកៅស៊ូនកម្រាលស្ពានជ្រោយចង្វារនេះ អាចនឹងបញ្ចប់រួចរាល់នៅម៉ោង ៥៖០០នាទីព្រឹកថ្ងៃទី១១ ខែមេសា ស្អែកនេះ។
យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃអាទិត្យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ក្រសួងនឹងធ្វើការជួសជុលអ៊ុតកៅស៊ូជាបណ្តោះអាសន្ន លើកម្រាលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ នៅវេលាម៉ោង២២៖០០យប់ថ្ងៃទី១០ ខែមេសា ដល់ម៉ោង ៦៖០០នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ តាមទីតាំងមួយចំនួន។
ក្រសួងសាធារណការ បានបញ្ជាក់ថា ក្នុងពេលដំណើរការអ៊ុតកៅស៊ូនេះ អនុញ្ញាតឲ្យធ្វើចរាចរបាន១ខ្សែយានយន្តលើកម្រាលស្ពាននេះ។ ក្រសួងសុំការយោគយល់អធ្យាស្រ័យ ចំពោះការរំខានដល់ការធ្វើដំណើរ ដែលអាចបណ្តាលមានការកក ស្ទះចរាចរក្នុងពេលដំណើរការការដ្ឋាននេះ៕