Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ជាខួបលើកទី៤១ នៃការធ្លាក់ខ្លួនពិការភ្នែករបស់ខ្ញុំ

10-04-2016 21:17

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ជាថ្ងៃខួបលើកទី៤១ឆ្នាំ (១៦ មេសា១៩៧៥-១៦ មេសា ២០១៦) នៃការធ្លាក់ខ្លួនពិការភ្នែករបស់សម្តេច បន្ទាប់ពីសម្រេចចិត្តដើរតាម សម្តេចព្រះនរោត្តម សីហនុ ប្រឆាំងរដ្ឋប្រហារខុសច្បាប់របស់ពួក លន់ នល់ និងាករឈ្លានពានរបស់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមរយៈ Facebook របស់សម្តេចថា «ក្រោយម៉ោង៦ព្រឹក ថ្ងៃ១៦ មេសា ១៩៧៥ ខ្ញុំត្រូវរបួសជាលើកទី៥ និងជាលើកចុងក្រោយ នៃការប្រយុទ្ធ១០៥ លើកក្នុងរយៈពេលសង្គ្រាម៥ឆ្នាំ ១៩៧០ ដល់១៩៧៥។ ខ្ញុំសន្លប់ពីថ្ងៃ១៦ មេសា រហូតថ្ងៃ ២១មេសា។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់  ហើយពាក្យខិតខំការពារ ឱ្យដូចការពារប្រស្រីភ្នែក មិនមែនជាភាសាដែលខ្ញុំត្រូវនិយាយទៀតទេ ព្រោះខ្ញុំបាត់បង់ប្រស្រីភ្នែកខ្លួនឯងរួចទៅហើយ»។

សម្តេចតេជោ បានរៀបរាប់ទៀតថា «ក្នុងដំណាក់កាលព្យាបាល គ្រូពេទ្យតម្រូវឲ្យវះយកគ្រាប់ភ្នែកខ្ញុំចេញ ដោយមិនមានថ្នាំសណ្ដំ និងថ្នាំស្ពឹកគ្រប់គ្រាន់ (ឈឺខ្លាំងណាស់)។ ក្រៅពឺឈឺចាប់ដោយសាររបួស នូវមានការឈឺចាប់ខាងផ្លូវចិត្តថែមទៀត នោះគឺការទទួលព័ត៌មានខុសថា គ្រូពេទ្យក្រមុំ រ៉ានី បានរៀបការជាមួយបុរសផ្សេងរួចទៅហើយ។ កំហឹងលើរឿងនេះ ខ្ញុំគ្រប់គ្រងលើខ្លួនឯងលែងបានហើយ។ ខ្ញុំជេរ រ៉ានី តាមចិត្តខ្ញុំចង់ជេរ ឬជេរខ្សឹបព្រោះគាត់មិននៅជិតខ្ញុំឯណា»។

សម្តេចបានសរសេរទៀតថា «ក្រោយពីដឹងរឿងពិតថា រ៉ានី មិនទាន់រៀបការ ហើយនៅតែស្រឡាញ់ខ្ញុំ ទោះខ្ញុំធ្លាក់ខ្លួនពិការក៏ដោយខ្ញុំពិត ជាសប្បាយចិត្តខ្លាំងណាស់។ បន្ទាប់មក ខ្ញុំបានទទួលព័ត៌មានមួយទៀតថា ឪពុកម្តាយរបស់ខ្ញុំត្រូវបានគេជំលៀស ចេញពីភូមិកំណើតទៅកាន់តំបន់ថ្មី ដែលត្រូវលត់ដំ ព្រោះឪពុករបស់ខ្ញុំជាអ្នកជាប់និន្នាការនយោបាយ ពីសង្គមរាស្ត្រនិយម ដោយគាត់ធ្លាប់ធ្វើមេកងជីវពលឃុំមុនឆ្នាំ១៩៧០។ ព័ត៌មាននេះបានជំរុញឱ្យខ្ញុំរៀបចំផែនការតស៊ូវាយ ប៉ុល ពត តាំងពីខ្ញុំព្យាបាលនៅក្នុងមន្ទីរពេទ្យមកម្ល៉េះ»៕