Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនម្នាក់់ចង់រួមភេទពេក! បង្ខំនារីវ័យ២៣ឆ្នាំ ប៉ងរំលោភតែនាងមិនឲ្យ ចាប់អារ-ក សម្លាប់រួចទម្លាក់សពចោលក្នុងទឹកស្រះ

10-04-2016 20:03

(ក្រចេះ)៖ យុវជនឈាមរាវម្នាក់ ហេតុតែចង់រួមភេទពេក បានទៅចាប់បង្ខំនារីវ័យ២៣ឆ្នាំ ប៉ងរំលោភតែនាងមិនឲ្យ ស្រាប់តែផ្ទុះកំហឹងរហូតយកកាំបិតចាប់អារ-ក សម្លាប់ចោល ហើយយកសពទៅទម្លាក់ចោល ក្នុងទឹកស្រះនៅខាងក្រោយផ្ទះ នារីរងគ្រោះ ភូមិថ្មក្រែកណ្ដាល ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

សពនារីរងគ្រោះត្រូវ បានបងប្អូននិងសាច់ញាតិប្រទះឃើញនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពីបានបាត់មួយយប់រួចមក។ យ៉ាងណាក៏ដោយ ជនដៃដល់យ៉ាងសាហាវឃោឃៅខាងលើនេះ ត្រូវបានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថខេត្តក្រចេះ ​ចាប់ខ្លួនបានភ្លាមៗ ក្រោយប្រទះឃើញ​សពនារីរងគ្រោះរួចមក។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សោម ចិន្ដា អាយុ២៣ឆ្នាំ ដោយឡែក ជនដៃដល់វិញ​មានឈ្មោះ ចែម ចាន់រិទ្ធ ហៅ ចយ អាយុ២០ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុនៅផ្ទះជាប់ផ្ទះជនរងគ្រោះ។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា នារីរងគ្រោះត្រូវបានម្ដាយប្រើឲ្យទៅជួលឌីសចាក់រឿង ស្រាប់តែបាត់ខ្លួន តាំងពីវេលាម៉ោង៨យប់ថ្ងៃទី៩ ខែមេសា រកមិនឃើញ ហើយសាច់ញាតិបងនាំឆោឡោរ ដើររកមិនឃើញ មិនដឹងថាទៅណា ឬមានរឿងអ្វីនោះទេ។

លុះព្រឹកឡើងថ្ងៃទី១០ ខែមេសា សាច់ញាតិនាំគ្នាដើរររកបន្ដទៀត ក៏ប្រទះឃើញស្លាប់ នៅក្នុងស្រះនៅក្រោយផ្ទះតែម្តង។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះពិតមែន ពីព្រោះខ្លួនប៉ុនប៉ង់រំលោភនាង តែនាងមិនព្រម ហើយក៏សម្លាប់តែម្ដងទៅ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវឃាត់សួរនាំជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលចិត្របុរី ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់៕