(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំជាច្រើននាក់ ចុះទៅប្រគល់ផ្ទះប្រកស័ង្កសីចំនួន៣០៦ខ្នង បន្ថែមទៀតជូនប្រជាពលរដ្ឋ ទាំង៣០៦គ្រួសារ នៅស្រុកស្វាយចេក ដែលចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋនៅទូទាំងស្រុកស្វាយចេក លែងមានផ្ទះណាមួយប្រកស្បូវទៀតហើយ។
លោក អាត់ ខែម សមាជិកអន្ត្រៃយ៍ គណៈកម្មាការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយ ស្រុកស្វាយចេក បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋនៅ ស្រុកស្វាយចេក ដែលមានដំបូលប្រកស្បូវមានចំនួន៣៧៧ខ្នង តែក្រោមការដឹកនាំ និងចាត់តាំងពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន លើការជួសជុល និងខ្លះសាងសង់ឡើងវិញនោះ លោកបានដឹកនាំក្រុមការងារ សហកាជាមួយរដ្ឋអំណាចមូលដ្ឋាន បានសម្រេចទាំងអស់តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។
លោក អាត់ ខែម បានបន្តទៀតថា នៅថ្ងៃនេះលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន៣០៦ខ្នង ខណៈ៧១ខ្នងទៀត បានប្រគល់រួចហើយ។ សម្រាប់ប្រជាពលរដ្ឋទាំង៣០៦គ្រួសារ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ឧបត្ថម្ភជូនមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នៅក្នុងផ្ទះ ក្រមាមួយសារុងមួយ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ។
ដោយឡែក ជនដែលចូលនិវត្តន៍ចំនួន១០០នាក់ម្នាក់ៗ ទទួលបានវ៉ែនតាម្នាក់មួយ សារុងមួយ និងថវិកា២ម៉ឺនរៀល។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបាន ចូលរួមចំនួន២០០នាក់ ទទួលបានសារុងមួយ និងថវិកាចំនួន១ម៉ឺនផងដែរ។
បើតាមលោក អាត់ ខែម សម្រាប់ការជួសជុលផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកស្វាយចេក ខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានឧបត្ថម្ភនូវស័ង្កសីចំនួន៥៨២០សន្លឹក និងថវិកាប្រមាណ៣ម៉ឺនដុល្លារ។
នៅចំពោះមុខប្រជាពលរដ្ឋ លោកឧបនាយករដ្ឋមន្រ្តី កែវ គឹមយ៉ាន បាននាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេច សាយ ឈុំ ដែលបានគិតគូចំពោះការរស់នៅ ប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋទាំងអស់។
ប្រធានក្រុមការងារថ្នាក់ជាតិរូបនេះ បានជំរុញទៅកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ ត្រូវរួមគ្នា ត្រៀមលក្ខណៈ សម្រាប់កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បឲ្យប្រជាពលរដ្ឋ បានដើរលេងកំសាន្ត បានសប្បាយរីករាយ ជាពិសេសត្រូវបង្កើនការផ្សព្វផ្សាយនូវគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ លោកបានប្រាប់ទៅមន្រ្តីទាំងអស់ មិនត្រូវសួរនាំប្រជាពលរដ្ឋ ថា កាន់គណបក្សណានោះទេ ពោលឲ្យតែពួកគាត់មានជីវភាពលំបាក និងក្រីក្រ ត្រូវនាំគ្នាជួយគាត់ភ្លាម៕