(កណ្តាល)៖ សមាជិការរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក ខេត្តកណ្តាល លោកស្រី ឃួន សុដារី បានលើកឡើងថា ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជន មិនដែលភ្លេចចំពោះនិវត្តជន គឺចាត់ទុកនិវត្តជន ជាឃ្លាំងចំណេះដឹង ជាអ្នកត្រួសត្រាយផ្លូវ ពិសេសនិវត្តន៍ជន ជាកងទ័ពដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិ។
លោកស្រី ឃួន សុដារី លើកឡើងបែបនេះ ខណះជួបសំណេះសំណាល និងនំាយកអំណោយវត្ថុអនុស្សាវរីយ៍ ជូននិវត្តជនសុ្រកលើកដែក ខេត្តកណ្តាលសរុបចំនួន១៩២រូប នាព្រឹកថ្ងៃទី១០មេសា មុនថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់នេះ។
លោកស្រីបានរំលឹកពីស្នាដៃរបស់និវត្តជនទាំងអស់ថា គឺជាមនុស្សដែលបានចូលរួមការងារ ចាប់តាំងពីឆ្នាំ១៩៧៩ ដែលកាលនោះម្នាក់ៗ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងចលនារំដោះជាតិ ដំណាក់កាលកសាងប្រទេសពីបាតដៃទទេ។ អ្នកទាំងអស់ជាមនុស្សមានគុណបំណាច់ ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិ ក្នុងការរួមចំណែកឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនដូច ដែលយើងទទួលបានសព្វថ្ងៃនេះ។
លោកស្រីសូមឲ្យនិវត្តជនយកចិត្តទុកដាក់ថែទាំងសុខភាព។ ប្រមុខថ្នាក់ដឹកនាំនៅតែដឹងគុណ និងយកចិត្តទុកដាក់ជានិច្ច និងបានផ្តាំផ្ញើឲ្យអាជ្ញាធរចងក្រង និវត្តជនជាក្រុមដើម្បីពួកគាត់ បានសាកសួរសុខទុក្ខគ្នា និងចូររួមការងារសង្គមក្នុងមួលដ្ឋាន តាមលទ្ធភាពដែលពួកគាត់អាច ធ្វើបានដើម្បីបំបាត់ភាពឯកកោ។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ស្រុកលើកដែកមាននិវត្តជន សរុបមានចំនួន១៩២រូប ក្នុងនោះគ្រូបង្រៀនមានចំនួន១២០រូប មន្ត្រីរាជការចំនួន៥២រូប និងកងកំលាំងប្រដាប់អាវុធ មានចំនួន៤០រូប។ អំណោយអនុសាវរីយ៍ដែលលោកស្រី ជូនដល់និវត្តជនសំរាប់ជាការដូរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាឆ្នាំនេះ និវត្តជនម្នាក់ទទួលបានថវិកា ៥០.០០០រៀល ភួយ១ ក្រមា១ មុង១ និងសារ៉ុង១។
ក្នុងពិធីនេះលោកស្រី ឃួនសុដារី ក៏បានផ្តល់ជូនថវិកាដល់ស្រុកចំនួន៤លានរៀល និងជូនមន្ត្រីស្រុក កងកំលាំងប្រដាប់អាវុធស្រុកម្នាក់ៗ១០០.០០០រៀលទៀតផងដែរ៕