(ប៉ៃលិន)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នៅវរសេនាតូចការពារព្រំដែនលេខ ៥០៧ ចំណុះតំបន់ប្រតិបត្តិការសឹករងប៉ៃលិន លោកស្រី បាន ស្រីមុំ តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន រួមនិងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូននាយ នាយរង ពលទាហានជួរមុខតាមបណ្តោយព្រំដែនកម្ពុជាថៃ វរសេនាតូចការពារព្រំដែន ៥០៧ ចំនួន ៣០៣នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។
ក្នុងឱកាសនោះ លោកស្រី បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពការរស់នៅរបស់បងប្អូន នាយ នាយរង ពលទាហានទាំងអស់ទូទាំងប្រទេស ពិសេសបងប្អូនកងទ័ពនៅជួរមុខ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតី ឈរជើងការពារបូរណភាពទឹកដី រក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល សម្តេចក៏សូមជូនពរ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមឲ្យបងប្អូននាយ នាយរង និងពលទាហាន ទាំងអស់ មានសុខភាពល្អ សិរីសួស្តី សុភមង្គលគ្រប់ៗក្រុមគ្រួសារ ។
ក្នុងនាម លោកស្រី ជាតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន និងលោក អ៊ី ឈាន មានក្តីនឹករលឹក និងតែងតែព្រួយបារម្ម ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនទាំងអស់ គឺយើងមិនអាចបំភ្លេចបានឡើយពីវីរភាព សេចក្តីក្លាហាន ការលះបង់ សាច់ស្រស់ ឈាមស្រស់ របស់វីរជនស្នេហាជាតិគ្រប់ជំនាន់ បានចូលរួមចំណែករកសុខសន្តិភាព ជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី បានបង្រួបបង្រួមជាតិខ្មែរតែមួយ តាមរយៈនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ មកដល់បច្ចុប្បន្ន ។
សម្រាប់យើងជាកងទ័ព គឺមិនមានប្រកាន់និន្នាការនយោបាយអ្វីឡើយ តែយើងត្រូវគោរពនូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់កងយោធពលខេមរភូមិ និងការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ នៃកម្ពុជា និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយសេរី យុត្តិធម៌ របស់ប្រជាពលរដ្ឋ ។
ហើយដោយវរសេនាតូចការពារព្រំដែន ៥០៧ មានការខ្វះខាតទឹកប្រើប្រាស់ក្នុងអង្គភាព លោកស្រី បានប្រគល់ម៉ាស៊ីបូមទឹកចំនួន ០៣ ដល់វរសេនាតូចការពារព្រំដែន ៥០៧ សម្រាប់ប្រើប្រាស់ទៅតាមលទ្ធភាពផងដែរ ។ ចំពោះអំណោយផ្តល់ជូននាពេលនេះ រួមមាន សម្រាប់វរសេនាតូចការពារព្រំដែនលេខ៥០៧អង្ករ១តោន សាច់ក្រក៣០គីឡូក្រាម ត្រីងៀត ៣០គីឡូក្រាម ទឹកសុទ្ធ ១០០កេស ទឹក្រូច ៦០កេស ស្រាបៀរ ៦០កេស និងថវិការបស់លោក អ៊ី ឈាន ៥លានរៀល ហើយសម្រាប់ នាយ នាយរង ពលទាហានចំនួន ៣០៣នាក់ ម្នាក់ៗទទួលបាន មី១កេស ត្រីខ១យួរ និងថវិកា៥ម៉ឺនរៀល។