(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សមាជិក សមាជិកា និងមន្ត្រីរាជការទាំងអស់នៃព្រឹទ្ធសភា មានក្តីក្តុកក្តួល សោកស្តាយយ៉ាងក្រៃលែងជាទីបំផុត និងសូមចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តមកិត្តនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខថា យើងខ្ញុំទាំអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមកិត្តិនីកោសជបណ្ឌិត ងួន ញិល ជាឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្ត
សណ្តោសប្រណីដ៏ថ្លៃថ្លា។

ការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃនិងបទពិសោធន៍ចូលរួមកសាងនិងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ជាពិសេសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ូល ទទួលបាននូវសេចក្តីសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕