(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីមន្រ្តីក្រសួងទេសចរណ៍កម្ពុជា រួមទាំងបណ្តារដ្ឋមន្រ្តីទេសចរណ៍ អាស៊ាននានា នៅថ្ងៃនេះ បានជួបជុំគ្នានៅប្រទេសវៀតណាម ដើម្បីពិភាក្សាគ្នា អំពីការទាក់ទាញភ្ញៀវទេសចរក្រៅតំបន់ ឱ្យចូលមកកម្សាន្តនៅក្នុងតំបន់កាន់តែច្រើនឡើងថែមទៀត។
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងខណៈដែលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ចូលរួមព្រឹត្តិការណ៍ឆ្នាំទស្សនាវៀតណាម ២០១៦ (Visit Vietnam Year 2016) ដែលរៀបចំឡើង នៅកោះភូគួក ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
រដ្ឋមន្រ្តីទេសចរណ៍ វៀតណាម កម្ពុជា ឡាវ ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន បានជជែកគ្នាអំពី ការពង្រឹង និង បង្កើនលក្ខណៈត្រៀមទទួលទេសចរក្នុងតំបន់អាស៊ាន និង ទេសចរអន្តរជាតិ មកទស្សនាតំបន់អាស៊ានឲ្យបានច្រើន ដោយក្នុងនោះ ផ្តោតសំខាន់លើទេសចររុស្ស៊ីផងដែរ ។
ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីសំណាក់ លោក Vnokov Kostantin ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសវៀតណាម ដែលលោកបានផ្តល់គំនិតមួយចំនួន ដើម្បីឲ្យអាស៊ានទទួលទេសចររុស្ស៊ីកាន់តែច្រើន ក្នុងនោះត្រូវមានការជំរុញ ការតភ្ជាប់ការហោះហើរត្រង់ ដូចជា Charte Flight និង Direct Flight និង Daily Direct Flight ព្រមទាំងរៀបចំអភិវឌ្ឍផលិតផលទេសចរណ៍នានា ពិសេសនៅតាមតំបន់ឆ្នេរ ដោយយកចិត្តទុកដាក់រៀបចំ ជា Play Ground សម្រាប់កុមារ ព្រោះទេសចររុស្ស៊ី ចូលចិត្តនាំកូនតូចៗ និងក្រុមគ្រួសារ មកជាមួយ ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់អំពីស្ថានភាពទេសចរណ៍នៅកម្ពុជា ហើយបានជំរាបថាកម្ពុជាក៏ដូចអាស៊ាន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលទេសចររុស្ស៊ី ទាំងនៅអង្គរវត្ត រាជធានីភ្នំពេញ និងតំបន់ឆ្នេរនិងកោះកម្ពុជា។
សូមជំរាបថា ប្រទេសរុស្ស៊ីមានពលរដ្ឋទេសចរចេញក្រៅប្រទេសប្រមាណជាង ៣០លាននាក់ក្នុងមួយឆ្នាំៗ ក្នុងនោះរុស្ស៊ីមកទស្សនាតំបន់អាស៊ាន ទើបនឹងទទួលបានប្រមាណ ៤លាននាក់ប៉ុណ្ណោះ៕