(បាត់ដំបង)៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអូរ តាគី និង ឃុំតាមឺុន ស្រុកថ្មគោល ខេត្ត បាត់ដំបង បាននាំថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន១៥លាន៩សែនរៀល ត្រូវបាន យកទៅចែកជូនស្រ្តីសម្រាលកូន និងក្រុមគ្រួសារអ្នកទទួលមរណភាពប្រមាណ៦១នាក់ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ យុវជន៧៤នាក់ នៅក្នុងឃុំតាម៉ឺន និងឃុំអូរតាគីស្រុកថ្ម គោល ខេត្តបាត់ដំបង។
លោក សួស អង្គារ៍ បាននាំយកថវិកាចំនួន១៥លាន៩សែនរៀលនេះ យកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗ ក្នុងឃុំតាម៉ឺនមានមានស្រ្តីទើបសម្រាលកូនមាន២៥នាក់ គ្រួសារអ្នកមរណៈមាន១០នាក់ និងនៅឃុំអូរតាគី ស្រ្តីសម្រាលកូនមាន២២នាក់និងគ្រួសារអ្នកមរណៈមាន៤នាក់ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ យុវជនឃុំទាំង២៧៤នាក់ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ។
ក្នុងឱកាសនាំថវិកាជូនស្រ្តីឆ្លងទន្លេ និងក្រុមគ្រួសារអ្នកមរណភាពនេះលោក សួស អង្គារ៍ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណ បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និង ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ទៅជម្រាបជូនប្រជាពលរដ្ឋថា មានគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។
លោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និង ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់គណបក្ស គឺនៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារគណបក្សចាំរងជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានយើងជានិច្ច»។
លោក សួស អង្គារ៍ បានផ្តាំផ្ញើដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការរស់ នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារឲ្យបានទៀងទាត់ តាមពេទ្យណែនាំ។
ស្ត្រីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង តាមរយៈលោក បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំង ថវិកា និង សម្ភារៈចែកជូន ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយណាឡើយ។
លោកបានបញ្ជាក់ផងដែរថា ថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង បានចែកជូនដល់ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល។
ដោយឡែកសម្រាប់ស្ត្រីសម្រាលកូនទាំង២ឃុំចំនួន ៦១នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់បន្ថែម ដែលជារបស់ប្រើប្រាស់មាន៦មុខសម្រាប់ទារកប្រើប្រាស់ មិនតែប៉ុណ្ណោះលោកប្រធានក្រុមការងារបានឧត្ថមថវិកាដល់សកម្មជនក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងយុវជន ទាំង២ឃុំក្នុងស្រុកថ្មគោល មាន៧៤នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀលសម្រាប់ឱកាសបុណ្យចូលឆ្នាំផងដែរ៕