(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញនូវលទ្ធផលការងារ ដែលកាកបាទក្រហមកម្ពុជា សម្រេចបានរយៈពេលជិត២ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ តាមរយៈកិច្ចពិភាក្សាក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»។

លោកស្រី ពុំ ចន្ទីនី បានលើកឡើងថា ជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបើកសមរភូមិខិតខំប្រឹងប្រែងប្រយុទ្ធយ៉ាងស្វិតស្វាញ ជាមួយជំងឺឆ្លងសាកលមួយនេះ ដែលសម្តេចតេជោ ចាត់ទុកថា ជាសត្រូវគ្មានស្រមោលដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ហើយដែលរហូតមកដល់ពេលនេះ មាន៤ដំណាក់កាល ជារួមគឺ៖ ដំណាក់កាលទី១ គឺជាដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺចូលសហគមន៍ ចាប់ពីខែមីនា ២០២០, ដំណាក់កាលទី២ គឺការគ្រប់គ្រងការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលសហគមន៍ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១, ដំណាក់កាលទី៣ ការបង្កើតភាពស្ស៉ាំក្នុងសហគមន៍ប្រឆាំងកូវីដ-១៩ តាមរយ:ការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលសហគមន៍ចាប់ពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ និងដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកប្រទេសដំណើរការពេញលេញឡើងវិញគ្រប់វិស័យ។

លោកស្រីបានបន្ថែមថា ជាការពិតណាស់ គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន១១៨ ,៧៨៧នាក់ អ្នកជាសះស្បើយ សរុប១១៥,១១១នាក់ ស្លាប់សរុប ២,៨០៧នាក់។ តាមប្រសាសន៍ សម្តេចតេជោ បានឲ្យដឹងថា ភាគរយ នៃការស្លាប់របស់កម្ពុជា មានខ្ពស់ជាងប្រទេសមួយចំនួន ដូចនេះយើងត្រូវតែបន្តពង្រឹងសមត្ថភាពក្នុងការព្យាបាល។

ជាមួយគ្នានេះ គិតត្រឹមថ្ងៃ៣០ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានសរុបជិត១៤លាននាក់ ស្មើនឹងជិត ៨៦% នៃចំនួនប្រជាជនសរុប១៦លាននាក់ ហើយដែលក្នុងនោះអ្នកចាក់បានគ្រប់២ដូស បានជាង១៣លាននាក់ ហើយអ្នកចាក់ដូសទី៣ បានជិត២លាននាក់ ទន្ទឹមនឹងកំពុងដំណើរការចាក់វ៉ាក់សាំងដល់កុមារអាយុ៥ឆ្នាំ។

មិនថាការចម្លងកូវីដ-១៩ បាននិងកំពុងជះ ឥទ្ធិពលមកលើសង្គមកម្ពុជា និងសកលលោកយ៉ាងខ្លាំងក្លាក៏ដោយ ក៏កាកបាទក្រហមកម្ពុជាក្រោមមគ្គុទ្ទេសភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានសាខាទាំង២៥រាជធានី-ខេត្ត អនុសាខាតាមស្រុក ក្រុមកាកបាទក្រហមតាមឃុំ កម្លាំងអ្នកស្ម័គ្រចិត្តតាមភូមិ និងយុវជនកាកបាទក្រហមតាមគ្រឹះស្ថានសិក្សា សរុបជាង៥ម៉ឺននាក់ បាននិងកំពុងខិតខំ ស្មាកៀកស្មា ជាមួយអាជ្ញាធរមានគ្រប់លំដាប់ថ្នាក់ ប្រមូលបាននូវកម្លាំងសាមគ្គីភាព និងស្ម័គ្រចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ព្រមទាំងដៃគូសហប្រតិបត្តិការ ធ្វើការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយហត់ សំដៅលើកកម្ពស់ ស្មារតីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងកូវីដ-១៩។

សារគន្លឹះសំខាន់ៗជាច្រើន បានទៅដល់ផ្ទាល់ប្រជាពលរដ្ឋ ចំនួន១,៦៣៦,៧៧២នាក់ (ស្រី៨៨៤,០៨៣នាក់) នៅតាម១២,៧៦៩ខ្នងផ្ទះ/កន្លែង បន្ថែមពីលើមធ្យោបាយ នៃការផ្សព្វផ្សាយតាមរយៈ សកម្មភាពមិត្តអប់រំមិត្ត ឧគ្ឃោសនសព្ទចល័តក្នុងសហគមន៍ បណ្តាញផ្សព្វផ្សាយសង្គម ស្ថានីយ៍វិទ្យុ និងទូរទស្សន៍។ល។

បើតាមលោកស្រី ពុំ ចន្ទីនី កាកបាទក្រហមកម្ពុជា អាចសម្រេចសមិទ្ធផលខាងលើនេះបាន អាស្រ័យដោយកត្តាគន្លឹះដូចតទៅ៖

*ទី១៖ កាកបាទក្រហមកម្ពុជា មានយន្តការ និងបណ្តាញការងាររឹងមាំ ភាពជាអ្នកដឹកនាំ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ មាននៅគ្រប់លំដាប់ថ្នាក់-ចាប់តាំងពីថ្នាក់កណ្តាល រហូតដល់សហគមន៍។

*ទី២៖ វិធានការ និងចំណាត់ការ បានដាក់ចុះទាន់ពេលវេលា ដោយដើរទន្ទឹមនឹងការពង្រឹងសមត្ថភាពក្រុមប្រតិបត្តិករ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងការពិនិត្យតាមដាន ប្រជុំដកស្រង់បទពិសោធន៍ តម្រង់ទិសការងារបានទៀងទាត់។

*ទី៣៖ សម្ភារអប់រំផ្សព្វផ្សាយដល់សហគមន៍ និងតាមគ្រឹះស្ថានសិក្សា និងទីប្រជុំជន មានគ្រប់គ្រាន់ រួមជាមួយ ការដោះស្រាយផ្តល់ម៉ាស់ អាល់កុល ជែល សាប៊ូលាងសំអាតដៃផងដែរ។ ក្រៅពីសហគមន៍ កាកបាទក្រហមកម្ពុជា បានផ្តល់នូវសម្ភារបរិក្ខារអប់រំទប់ស្កាត់វីរុសកូវីដ-១៩ ថែមទាំងសម្ភារការពារខ្លួន សម្ភារដំណេក ស្បៀងជាដើម ដល់មន្ទីរពេទ្យ មណ្ឌលកុមារកំព្រា សមាគម មណ្ឌលចត្តាឡីស័កមួយចំនួន និងតំបន់បិទខ្ទប់ផងដែរ។

*ទី៖៤ យើងក៏បានកសាងសមត្ថភាពរបស់មន្រ្តី អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហមកម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលសរុបចំនួន៥ដង ស្មើនឹងជាង១,៤០០នាក់ គឺវគ្គសុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសាស្រ្តសង្គម ចំនួន៣ដង ហើយវគ្គសុខភាព ផ្លូវចិត្ត និងការគាំទ្រចិត្តសាស្រ្តសង្គមរួមជាមួយភាពទទួលខុសត្រូវរបស់សហគមន៍ ចំនួន២ដង៕