(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជំរុញទៅអាជ្ញាធរមូលដ្ឋានឲ្យចុះផ្តល់សេវាបញ្ជាក់មរណភាព ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីសម្រួល និង ចូលរួមរំលែកទុក្ខដល់គ្រួសារសព ដោយអនុវត្តន៌នៅឃុំអន្សាចំបក់ត្រូវធ្វើជាគំរូមុនគេ និង ចាប់ផ្តើមអនុវត្តន៍ពីពេលនេះតទៅ ។
ការឲ្យដឹងបែបនេះ ខណ:ដែលលោកអភិបាលខេត្ត ចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និង ជំនួយការឃុំ មេប៉ុស្តិ៍រដ្ឋបាល មេភូមិ អនុភូមិ ពេទ្យភូមិ អ្នកស្ម័គ្រចិត្តភូមិ ប្រជាការពារ យុវជនម៉ែ សិស្សានុសិស្សវិទ្យាល័យ និង អនុវិទ្យាល័យ សរុបប្រមាណ ៣៥០នាក់ នាថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៦ នៅបរិវេណវត្តកោះរំដួល ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និង ជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ផងដែរ។
លោក ម៉ៅ ធនិន បានថ្លែងថា ប្រទេសកម្ពុជាតាំងពីសម័យមុន មិនដែលមានសម័យណា ដែលមានសុខសន្តិភាព ដូចសម័យកាលបច្ចុប្បន្នឡើយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុវត្តគោលនយោបាយ ឈ្នះឈ្នះ ធ្វើឲ្យមានឯកភាពជាតិ និង សន្តិសុខទូទាំងផ្ទៃប្រទេស ។
ប្រសិនបើបងប្អូន ជ្រើសរើសមេដឹកនាំខុស នោះនឹងធ្វើឲ្យយើងគ្មានសេចក្តីសុខ ប្រទេសនឹងធ្លាក់ក្នុងភាពវឹកវរ ដូចសម័យមុនមិនខាន ។
លោកបានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះស្រឡាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសត្រូវធ្វើជាបណ្ដាញដ៏ល្អ ក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និង ហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ដើម្បីចាត់វិធានការ។
ជាងនេះទៅទៀតសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ ចេះគោរពច្បាប់ចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និង ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់នាពេលខាងមុខនេះ ។
បន្ថែមពីនោះ លោកបានដោះស្រាយ នូវសំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង ដោយឲ្យក្រុមការងារត្រៀមថវិកាសម្រាប់ស្តារប្រឡាយជូន ងាយស្រួលចរាចរណ៍ទូក ។ ចំពោះសំណូមពរសុំពង្រីកភូមិ នៅតំបន់៣ លោកបានសន្យានឹងចុះពិនិត្យនៅពេលក្រោយ ។ ជាមួយគ្នានោះ លោកក៏បានប្រគល់ប័ណ្ណសរសើរដល់ ក្រុមការងារ និង មន្ត្រីក្នុងឃុំអន្សាចំបក់ ចំនួន ៤០នាក់ ព្រមទាំងបានចែកជូនមីចំនួន ២៩កេសធំ និង ស្បែកជើង ៣២៨គូ ដល់អ្នកចូលរួមប្រមាណ ៣៥០នាក់ផងដែរ ។
បន្ទាប់ពីពិធីសំណេះសំណាលនោះចប់សព្វគ្រប់រួចមក លោក ម៉ៅ ធនិន បានបន្តចុះពិនិត្យមើល និង សម្របសម្រួលបញ្ចប់បញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ដែលប្រជាពលរដ្ឋស្នើសុំឲ្យលោកជួយដោះស្រាយ បើកផ្លូវជូនចំនួន ៣កន្លែងផ្សេងៗគ្នា ក្នុងស្រុកក្រគរ ។ ឃើញថាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល បានគាំទ្រ និង សប្បាយរីករាយយ៉ាងខ្លាំង ចំពោះដំណោះស្រាយប្រកបដោយភាពឈ្លាសវៃ និង ម៉ឺងម៉ាត់ របស់លោក ម៉ៅ ធនិន ហើយក៏សង្ឃឹមថាខេត្តពោធិ៍សាត់ នឹងមានការរីកចម្រើនឆាប់រហ័សក្រោមអាណត្តិដឹកនាំរបស់លោក ៕