(រតនគិរី)៖ នាសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានលោក ញ៉ែម សំអឿន ជាប្រធានគណៈកម្មាធិការសាខានៅក្នុងអាណត្តិទី៥។
កិច្ចប្រជុំប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM ក្រោមអធិបតីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមលោកស្រី លោកអគ្គលេខាធិការងកាកបាទក្រហមកម្ពុជាទាំង២ គណៈកម្មាធិការសាខា អនុសាខា មន្ត្រីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា តំណាងយុវជនកាកបាទក្រហមសរុបមានចំនួន៥៣នាក់។
ជាកិច្ចចាប់ផ្តើមសាខាមានមតិស្វាគមន៍របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២១ ជាកិច្ចបន្តលោកស្រីអគ្គលេខាធិការរងទី១ បានអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ និងកែសម្រួលតួនាទីភារកិច្ច គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អាណត្តិទី៥។
ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាថ្មី បានប្ដេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដើម្បីបំពេញភារកិច្ចមនុស្សធម៌ និងរក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខាដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវតួនាទី ភារកិច្ចស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខារួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសបង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីគ្រប់មជ្ឈដ្ឋានក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះ។
មានប្រសាសន៍នាឱកាសនេះលោក ស្រីពុំ ចន្ទីនី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនិងបានកោតសរសើរចំពោះសកម្មមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលតែងតែបានឆ្លើយតបដល់ ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបានទាន់ពេលវេលា។
លោកស្រីមានប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមសុំឲ្យណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីដែលមានលោក ញ៉ែម សំអឿន ជាប្រធាន ត្រូវខិតខំប្រឹងប្រែងជួយសាខា ពង្រឹងភាពជាម្ចាស់លើគ្រប់វិស័យការងារ និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វ ហេតុ មនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យបានល្អ និងកាន់តែប្រសើរជាងមុនក្នុងការបន្តដឹកនាំ សាខាកាកបាទក្រហមខេត្តរតនគិរីក្នុងអាណត្តិទី៥នេះ៕