(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ និងសោកស្ដាយក្រៃលែងចំពោះមរណភាពរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។

សាររំលែកទុក្ខរបស់សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះ អាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយគុណធម៌ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ»។

ខណៈនេះ ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល សូមឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕