(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ជោគជ័យលើសមរភូមិវ៉ាក់សាំង ជាសរសគ្រឹះសម្រាប់ការបើកប្រទេសឡើងវិញ»។
វីដេអូនេះ បានរំលេចឲ្យឃើញនូវជោគជ័យដ៏ធំធេង នៃនយោបាយវ៉ាក់សាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីសម្តេតេជោ បានប្រកាសបើកប្រទេសជាតិរបស់ខ្លួនឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែកជាបណ្តើរៗ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ បន្ទាប់ពីអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវជំងឺរាតត្បាត កូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ដោយឆ្លងកាត់នូវការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងដែលកើតមាននៅក្នុងដំណាក់កាលទាំង៤ នៃការរាតត្បាត នៃជំងឺដ៏កាចសាហាវឥតស្រមោលនេះទាំងប្រភេទចាស់ និងប្រភេទថ្មី។
កត្ដាដ៏សំខាន់បំផុតរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺនេះ បានល្អប្រសើរនោះ គឺជោគជ័យលើសមរភូមិវ៉ាក់សាំង ដែលរហូតមកត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១នេះ គឺមានប្រជាជន ៨៥.៦៨% នៃចំនួនប្រជាជន១៦នាក់ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ដែលបង្កើតបាននូវភាពសាំក្នុងសហគមន៍យ៉ាងរឹងមាំនៅទូទាំងប្រទេស។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 ដល់ប្រជាជនរបស់ខ្លួនបានច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដោយសារជំនួយពីបណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍ ជាពិសេសគឺប្រទេសចិន។ ប្រទេសកម្ពុជា បានធ្វើឲ្យមានការប្រែប្រួលដោយនឹកស្មានមិនដល់ ដោយសារតែកម្ពុជា មានអត្រាចាក់វ៉ាក់សាំងច្រើនជាងបណ្ដាប្រទេសអ្នកមានមួយចំនួនទៅទៀត រាប់ទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផង។
ដោយសារតែចំណុចពិសេសនេះហើយ ដែលធ្វើឲ្យសកម្មភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាអាចចាប់ផ្តើមដំណើរការឡើងវិញ បានក្នុងទម្រង់នៃជីវភាពប្រក្រតីបែបថ្មីក្នុងបរិការនៃជំងឺកូវីដ-១៩។
កម្ពុជា ត្រូវបានគេកោតសរសើរអំពីការឆ្លើយតបយ៉ាងលឿនរហ័សចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយសត្រូវឥតស្រមោលប្រចាំសតវត្សរ៍ទី២១នេះ។
ម៉្យាងវិញទៀត វ៉ាក់សាំងពិតជាមានប្រសិទ្ធិភាពអាចបញ្ចៀសអ្នកឆ្លងពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិត។ ជាក់ស្តែងយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានបង្ហាញថា តួលេខអ្នកជំងឺកូវីដ-១៩ ដែលស្លាប់ភាគច្រើន គឺអ្នកដែលមិនបានចាក់វ៉ាក់សាំង។
កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាបាននិងកំពុងជួយកម្ពុជាក្នុងកាម៉្យាងវិញទៀត វ៉ាក់សាំងពិតជាមានប្រសិទ្ធិភាពអាចបញ្ចៀសអ្នកឆ្លងពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លារបើកដំណើការសង្គម និងសេដ្ឋកិច្ចឡើងវិញ ជាពិសេសការឈានទៅបើកប្រទេសឡើងវិញ លើគ្រប់វិស័យបានឆាប់រហ័សជាង និងសុវត្ថិភាពប្រកបដោយភាពរឹងមាំ និងការជឿជាក់ ជាងបណ្តាប្រទេសផ្សេងៗជាច្រើន ពោលគឺកម្ពុជា បាននិងកំពុងចាកចេញពីជំងឺរាតត្បាតដោយភាពជឿជាក់ និងរឹងមាំ។
ប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឃើញប្រទេសរបស់ខ្លួនឈរនៅលើកំពូលតារាងក្នុងចំណោម ប្រទេសដែលទទួលបានជោគជ័យ ក្នុងការការពារអាយុជីវិតពលរដ្ឋរបស់ខ្លួនចេញពីជំងឺឆ្លងសាកលដ៏កាចសាហាវប្រចាំសតវត្សរ៍។ នេះជាកត្តិយស ដ៏ធំធេងសម្រាប់ជាតិសាសន៍ខ្មែរទាំងមូល។ ការបើកប្រទេសឡើងវិញនេះ គឺជាក្តីសង្ឃឹមយ៉ាងមុតមាំថា សង្គមនិងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋខ្មែរទូទៅ នឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោមម្លប់នៃសុខសន្តិភាព៕
សូមទស្សនាវីដេអូ៖