(ភ្នំពេញ)៖ លោក សេង ស៊ីវុត្ថា ប្រធាន សាលាឧទ្ធរណ៍ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយក្រៃលែង ចំពោះមរណភាព កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១នៃរដ្ឋសភា។
ក្នុងសារលិខិតរបស់លោក សេង ស៊ីវុត្ថា និងលោក អ៊ុក សាវុធ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ មានសេចក្តីក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភាជាតិនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ជាឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ឆ្នើមមួយរូប របស់កម្ពុជា ដែលកន្លងមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចប្រកបដោយឆន្ទៈមនសិការ ក្នុងបុព្វហេតុលើកកម្ពស់តម្លៃនីតិរដ្ឋ បម្រើប្រជាជន និងប្រទេសជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕