(ភ្នំពេញ)៖ លោក ឯម និមល ត្រូវបានប្រកាសតែងតាំងជាប្រធានពន្ធនាគារ ខេត្តកណ្តាលថ្មី ជំនួសលោកឧត្តមមន្ត្រីអគ្គានុរក្សថ្នាក់លេខ១ ចាត ស៊ីនាង ដែលត្រូវបានតម្លើងឋានៈជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។

ពិធីប្រកាសតែងតាំងមុខតំណែងនេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកពន្ធនាគារ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមន្ត្រីរាជការមួយចំនួន ដោយអនុវត្តតាមវិធានការសុខាភិបាល យ៉ាងខ្ជាប់ខ្ជួន។

នាឱកាសនោះដែរ លោក ប៉ាវ ហមផាម បានថ្លែងថា លោកឧត្តមមន្ត្រីអគ្គានុរក្សថ្នាក់លេខ១ ចាត ស៊ីនាង ជាមនុស្សមានសមត្ថភាពមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចការ។ លោកក៏បានកោតសរសើរអតីតប្រធានពន្ធនាគារចាស់ ដែលបានបន្សល់ស្នាដៃកន្លងមក និងធ្លាប់ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្រោយៗឱ្យមានចំណេះដឹងច្បាស់លាស់ជុំវិញការងារពន្ធនាគារនេះ។

បើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត នាង អតីតប្រធានពន្ធនាគារខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក បានខិតខំបំពេញតួនាទី ភារកិច្ច បម្រើការងារពន្ធនាគារ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសអំឡុងពេលដែលពន្ធនាគារផ្ទុះជំងឺកូវីដ១៩ លោកប្រធានពន្ធនាគារបានខិតខំពុះពារគ្រប់គ្រង និងសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត អាជ្ញាធរ និងក្រុមការងារព្យាបាល រហូតដល់ធ្វើឱ្យស្ថានការណ៍ មានភាពធូរស្រាល និងល្អប្រសើរឡើងវិញ។

ទន្ទឹមនឹងការលើកឡើងនេះដែរ លោកឧត្តមមន្ត្រីអគ្គានុរក្សថ្នាក់លេខ១ ចាត ស៊ីនាង បានឡើងប្ដេជ្ញាធ្វើការងារនេះឱ្យបានល្អប្រសើរបំផុត និងជួយជ្រោមជ្រែងការងារលំបាកមួយចំនួនឱ្យមកជាងាយស្រួល និងបន្ថែមលើសនេះទៀត លោកនឹងជួយបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយឱ្យមានសមត្ថភាពក្នុងការគ្រប់គ្រងការងារពន្ធនាគារឱ្យមានប្រសិទ្ធភាព។

ស្ថិតក្នុងឱកាសនេះដែរ លោក ឯម និមល ដែលឡើងកាន់តំណែងជាប្រធានពន្ធនាគារខេត្តកណ្ដាលថ្មី ក៏បាននឡើងប្ដេជ្ញាធ្វើការងារឱ្យបានល្អប្រសើរបំផុតតាមគោលការណ៍របស់ថ្នាក់ដឹកនាំផងដែរ៕