(ភ្នំពេញ)៖ លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំទាន់បានទទួលពាក្យ បណ្តឹងណាមួយទេពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មកដល់ពេលនេះ។ នេះតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយលើកទី៤ ជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ឌុច សុន បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយធ្វើការចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលគ្រប់អាយុ អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត និងការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវច្បាស់លាស់។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្ថែមថា ស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ១៩ គ.ជ.ប បានចាត់វិធានការនានាទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់ នូវវិធានការ «៣កុំ និង៣ការពារ»។ ចំពោះដំណើរការទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ គឺប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ និងទទួលបានលទ្ធផលបណ្តោះអាសន្ន ដូចខាងក្រោម៖

*ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ២៦២,៥៨៥នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១២៩,១៩៨នាក់
*អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៩១,៨៩៣នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មីសរុប មានចំនួន ៧៨,១៥៩នាក់។

បន្ថែមពីនេះលោក ឌុច សុន បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីអំពាវនាវ ជូនប្រជាពលរដ្ឋខ្មែរ ឱ្យបានជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ មានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន មន្រ្តីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាន និងមន្រ្តី គ.ជ.ប សរុបមានចំនួនប្រមាណ ៦៤នាក់៕